អារ៉ាប៊ីសាអូឌីត អញ្ជើញសម្តេច ហេង សំរិន ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសរបស់ខ្លួន


នៅពេលអនុញ្ញាតឲ្យ លោក សាអ៊ូត អាល់ សូវ៉េលីម ( Saud F.M. Al Suwelim) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងពីការពង្រឹងពង្រីកវិស័យការទូតសភាកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្តទាំងអស់នៅលើពិភពលោក។ សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹងបន្តខិតខំថែមទៀតក្នុងការពង្រឹង និងពង្រីកវិស័យការទូតសភា ជាមួយសភាប្រទេសជាមិត្តនៅលើសកលលោក សំដៅគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាង រដ្ឋសភាកម្ពុជា និងរដ្ឋសភាអារ៉ាប៊ីសាអូឌីត ផងដែរ។ រដ្ឋសភាប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ នៅក្នុងវេទិកាអង្គការអន្តរសភាក្នុងតំបន់ និងសកលលោក ដូចជា នៅក្នុងក្របខ័ណ្ឌសហភាពអន្តរសភា(IPU) និងសភាតំបន់អាស៊ី(APA) ជាដើមនោះ។

លោក សាអ៊ូត អាល់ សូវ៉េលីម បានសម្តែងក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទំាងបានសន្យាថា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ លោកឯកអគ្គរាជទូត បានជូនលិខិតអញ្ជើញ របស់លោកប្រធានរដ្ឋសភា អារ៉ាប៊ីសាអូឌីត ចំពោះសម្តេចប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសអារ៉ាប៊ីសាអូឌី។

សម្តេចបានទទួលយកការគោរពអញ្ជើញនេះ ដោយបានគូសបញ្ជាក់ថា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីបំពេញទស្សនកិច្ចតាមការអញ្ជើញ។ ក្នុងនាមរដ្ឋសភា សម្តេចបានគាំទ្ររាល់កិច្ចសហប្រតិបត្តិការទេ្វភាគី និងពហុភាគី ដែលរាជរដ្ឋាភិបាលកម្ពុជា និងអារ៉ាប៊ីសាអូឌីត បាននិងកំពុងអនុវត្តជាមួយគ្នា សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

សម្តេចបានថ្លែងថា កិច្ចសហប្រតិបត្តិការទំាងអស់នេះ មិនត្រឹមតែជាមូលដ្ឋាននាំមកនូវផលប្រយោជន៍ និងទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សា ស្ថិរភាព សន្តិសុខ សន្តិភាព ក្នុងតំបន់ និងសកលលោកផងដែរ៕