ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជំរុញអូស្ត្រាលី បង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈនៅឆ្នាំ២០១៨ មានទំហំ ១៣២លានដុល្លារ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជំរុញបន្ថែមលើទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងអូស្រ្ដាលី ដែលនៅមានកម្រិតតិចនៅឡើយ ខណៈនៅក្នុងឆ្នាំ២០១៨ មានចំនួនត្រឹមតែ ១៣២លានដុល្លារប៉ុណ្ណោះ។

ការស្នើសុំបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្ដាលី ប្រចាំនៅកម្ពុជា ជួបសម្ដែងការគួរ និងជម្រាបលាដែលចប់អាណត្តិបេសសកម្ម នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអូស្រ្ដាលី កាន់តែល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ ឧត្តមមន្ត្រីលើកទី១ កាលពីខែតុលាកន្លងមក គួរតែរៀបចំជារៀងរាល់ឆ្នាំ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានស្នើឱ្យអូស្រ្ដាលី ឱ្យជួយទិញកសិផល វាយនភណ្ឌ និងម្រេចកម្ពុជា។ ដោយឡែក ការប្រាស្រ័យទាក់ទង រវាងប្រជាជន និងប្រជាជនឧបនាយករដ្ឋមន្រ្តី ក៏បានស្វាគមន៍និស្សិតអូស្ដ្រាលី ចំនួន ៥៣០នាក់ ដែលបានមកធ្វើកម្មសិក្សានៅកម្ពុជា ក្រោមផែនការកូឡុំបូ។

ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល អូស្រ្ដាលី ដែលបានផ្ដល់ជំនួយក្នុងការអភិវឌ្ឍន៍ ដែលមានទឹកប្រាក់ចំនួនជិត ២២៣លានដុល្លារ និងបានផ្ដល់អាហារ រូបករណ៍ចំនួន១៨០កន្លែង ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ក្នុងកំឡុងពេលបេសសកម្ម របស់លោកស្រីតាំងពីឆ្នាំ២០១៦មក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្វាគមន៍ចំពោះអូស្ដ្រាលី ដែលបានបញ្ជូនអ្នកស្ម័គ្រចិត្តអូស្ដ្រាលី ចំនួន៣៤នាក់ មកធ្វើការនៅកម្ពុជា ក្នុងឆ្នាំ២០១៨ ដើម្បីជួយអប់រំ ក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម។ល។ ព្រមទាំងបានថ្លែងអំណរចំពោះអូស្ដ្រាលី ដែលបានគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ (ECOSOC) សម្រាប់អាណត្តិ២០១៩។

នៅក្នុងឱកាសនោះដែរលោកស្រី Angela Corcoran បានជម្រាបជូនថា នៅឆ្នាំ១៩៩៣ លោកស្រីបានមកធ្វើការម្ដងរួចហើយ នេះជាលើកទី២ហើយ ដែលលោកស្រីបានមកធ្វើការនៅប្រទេសកម្ពុជា។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងការរីកចម្រើន លើគ្រប់វិស័យ របស់ប្រទេសកម្ពុជា យ៉ាងឆាប់រហ័សក្រោមការដឹក នាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីបានបន្ថែមថា លោកស្រីមានការរីករាយណាស់ដែលបានមកបំពេញបេសសកម្មនៅកម្ពុជា។ ព្រមទាំងបានកោតសរសើរអំពី ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ។ បច្ចុប្បន្នមាននិស្សិតកម្ពុជា ជាង២ពាន់នាក់ កំពុងសិក្សានៅប្រទេសអូស្ដ្រាលី៕