វេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគខេត្ត(២០២០-២០២២) និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មផែនការឃុំសង្កាត់ថ្នាក់ក្រុង-ស្រុក និងឃុំសង្កាត់ នៅថ្នាក់ក្រុងស្រុក ខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ស្តីពីកម្មវិធីវិនិយោគខេត្ត(២០២០-២០២២) និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មផែនការឃុំសង្កាត់ថ្នាក់ក្រុង-ស្រុក និងឃុំសង្កាត់ នៅថ្នាក់ក្រុងស្រុក ខេត្តស្ទឹងត្រែង។ មានការអញ្ជើញចូលរួមពីសំណក់ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ ទីចាត់ជំនាញពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើននាក់ផងដែរ។មានប្រសាសន៍ក្នុងពិធីនេះឯកឧត្តម ម៉ុម សារឿន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក-លោកស្រី ថ្នាក់ដឹកនាំមន្ទីរជំនាញ និងអង្គការដៃគូក្នុងខេត្ដដែលបានយកចិត្ដទុកដាក់ ចូលរួមបំពេញភារកិច្ចស្នូលរបស់ខ្លួន ពិសេសបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចដំណើរការកសាងនិងអភិវឌ្ឍន៍ខេត្ដនាពេលកន្លងមកឱ្យមានការរីកចម្រើនជាបន្ដបន្ទាប់លើគ្រប់វិស័យ សំដៅធ្វើការគាំទ្រកិច្ចដំណើរការ កែទម្រង់លើប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានសូមស្នើមន្រ្តីជំនាញទាំងអស់ត្រូវយកចិត្ដទុកដាក់ ឱ្យបានខ្លាំងឡើងថែមទៀត ក្នុងការរៀបចំផែនការសកម្មភាព អភិវឌ្ឍន៍វិស័យស្នូលរបស់ខ្លួនឱ្យបានរឹងមាំ មានទិសដៅច្បាស់លាស់ សំដៅរួមចំណែក អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច-សង្គមកិច្ចខេត្ដ ឱ្យមានសន្ទុះរីកចម្រើនរឹងមាំ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពោលគឺត្រូវខិតខំបង្កើនល្បឿន នៃការចូលរួមអនុវត្ដយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ដើម្បីធ្វើឱ្យបរិស្ថាន អភិបាលកិច្ចភ្លឺថ្លានិងកិច្ចអភិវឌ្ឍន៍ ប្រកបដោយ ប្រសិទ្ធភាព ពិសេសគឺបានទទួល នូវកំណើនសេដ្ឋកិច្ចរឹងមាំ និងរួមចំណែកអនុវត្ដគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕