ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌»


(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌» នៅជាន់ផ្ទាល់ដីនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្តីជូនដំណឹងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សម្រាប់វាគ្មិនដែលអញ្ជើញចូលរួម គឺតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា សន្និសីទនេះមានទិសដៅ និងគោលបំណង ដើម្បីពង្រឹងការយល់ដឹងដល់សាធារណជន ស្តីពី៖ សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត គឺឆ្លងកាត់ពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងត្រូវបានចាត់ទុកថាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»។ កត្តាទាំងនេះជាចលករជំរុញឲ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលមានកម្រិតពី៥០ភាគរយ មកនៅត្រឹងរង្វង់១០ភាគរយ នៃចំនួនប្រជាជនសរុប៕