លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សហគ្រិនចិនទាជីវលំដាប់សេដ្ឋីរបស់ប្រទេសចិន ជាង ៣០០ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងធ្វើសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៩ និងធ្វើកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា (TCEC)


លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា អធិការកិច្ច បានអញ្ជើញជាអធិតបតីក្នុងពិធីជប់លៀងស្វាគមន៍ការអញ្ជើញមកដល់នៃគណៈប្រតិភូសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា (TCEC) ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័ណ៌ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ រាត្រីថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះកម្ពុជាទទួលបាន នូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដោយរក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ ដែលនាំឲ្យចំណូលរបស់ប្រជាជនទូទាំងប្រទេសមានការកើនឡើង និងមានជីវភាពរស់នៅកាន់តែប្រសើរ ។

លោកជំទាវបានបន្តទៀតថា ៖ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគដ៏ធំជាងគេរបស់កម្ពុជា ។ តាមរយៈ សហគ្រិនចិនទាជីវលំដាប់សេដ្ឋីប្រទេសចិន ជាង ៣០០នាក់ របស់គណៈប្រតិភូនៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក ដែលបានប្រារព្ធពិធីនាថ្ងៃនេះបានបង្ហាញអំពីកិច្ចសហករវាងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ជាមួយនឹងសហព័ន្ធចិនទាជីវសកលោក ដែលបានរួមគ្នាបង្កើតជាវេទិការសម្រាប់ពាណិជ្ជករចិនទាជីវ និងពាណិជ្ជករក្នុងតំបន់ធ្វើការប្រាស្រ័យទាក់ទង ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក និងឈានទៅដល់កិច្ចសហការលើវិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ក៏ដូច ជាការបង្កើននូវឱកាសការងារនៅកម្ពុជា ។ ម៉្យាងទៀត ក៏បានបង្ហាញអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន ពោលគឺ គោលនយោបាយចិនតែមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និង កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក៏ត្រូវបានឆ្លើយតបជាវិជ្ជមានពីមិត្តចិន តាមរយៈ ផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមនិងការផ្តល់ជំនួយឥតសំណង កម្ចីឥតការប្រាក់ និងកម្ចីឥណទានសម្រាប់ការអភិវឌ្ឍជាច្រើន ៕