ឯកឧត្តម ចាន់ សុីណាត បានអញ្ជើញដឹកនាំក្រុមការងារក្រសួង ធ្វើការចុះត្រួតពិនិត្យតំបន់ទំនប់ទឹកលេខ២ ក្នុងភូមិសាស្រ្ត ១១០ ត្រង់ចំណុច ស្ទឹងប្រមោយ


នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំក្រុមការងារក្រសួង អនុប្រធាន នាយកដ្ឋាន ពីនាយកដ្ឋានជំនាញក្រោម ឱវាទក្រសួង និងមន្ត្រីបច្ចេកទេសក្រសួងជាច្រើនរូប និងជំនាញការ ADB ប្រចាំក្រសួងធនធានទឹក និងឧតុនិយម និងលោកប្រធាន អនុប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ធ្វើការចុះត្រួតពិនិត្យតំបន់ទំនប់ទឹកលេខ២ ក្នុងភូមិសាស្រ្ត ១១០ ត្រង់ចំណុច ស្ទឹងប្រមោយ ឃុំប្រមោយ ស្រុកវាលវែង តំបន់ក្រភ្នំក្រវាញកណ្តាល ដែលមានលទ្ធភាពស្តុកទឹកបានដល់ ៦០០ លាន ម៉ែត្រត្រីគុណ សម្រាប់ជាប្រភពទឹកដ៏សំខាន់ក្នុងការផ្គត់ផ្គង់ទឹកឲ្យតំបន់ប្រព័ន្ធធារាសា្រស្តព្រែកជីក ក្នុងស្រុកមោងឫស្សី និងស្រុករុក្ខគីរី ខេត្តបាត់ដំបង។ ថ្វីត្បិតតែ តំបន់ទំនប់លេខ២ ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ មែន ប៉ុនែ្ត វាជាប្រភពទឹករស់ដ៏សំខាន់ណាស់បម្រេីឲ្យតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកជីក ២៧០០០ហិកតា។

ដោយសារបុព្វហេតុទាំងនេះ ហើយដែលធ្វើឲ្យឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម យកចិត្តទុកដាក់ខ្ពស់ធ្វើការសិក្សាគ្រោងប្លង់លម្អិត និងដាក់ផែនការការងារច្បាស់លាស់ជាមួយនឹងបណ្តាដៃគូរអភិវឌ្ឍន៍ក្នុងវិស័យទឹក ដើម្បីកសាងទំនប់អាងលេខ២ ត្រង់តំបន់ ១១០ មានធាទឹក ១១០០ ម៉ែត្រត្រីគុណ ក្នុង១នាទី ម៉ែត្រត្រីគុណ ហើយដែលមានសមត្ថភាពស្តុកអប្បបរមា ចំនួន ៦០០ លាន ហើយប្រលែងជាទឹករស់ដើម្បីប្រើប្រាស់មិនត្រឹមតែក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកជីក ប៉ុណ្ណោះទេតែទំនប់លេខពីនេះនឹងក្លាយទៅជាប្រភពទឹករស់ដើម្បីចិញ្ចឹមឲ្យបណ្តាលប្រព័ន្ធធារាសាស្រ្តមួយចំនួនដូចខាងក្រោមក្នុងខេត្តពោធិ៍សាត់ ៖

១- ប្រព័ន្ធធារាសាស្រ្តដំណាក់ឈើក្រម
២- ប្រព័ន្ធធារាសាស្រ្ត ដំណាក់អំពិល
៣- ប្រព័ន្ធធារាសាស្រ្តអូរតាប៉ោងតាណៃរហូតដល់តំបន់ អ្នកតាទ្វារ
៤- ប្រព័ន្ធធារាសាស្រ្តចារឹត
៥- ធ្វើឲ្យស្ទឹងបឹងខ្នារ និងស្ទឹងស្វាយដូនកែវមានទឹកទាំងក្នុងខួបប្រាំង និងទាំងក្នុងខួបវស្សា។

សូមបញ្ជាក់ជូនថា ដើម្បីផលិតទឹកធានាបានលើសុវត្ថិភាពទឹកប្រកបដោយនិរន្តរភាពសម្រាប់ប្រើប្រាស់លើគ្រប់វិស័យក្នុងខេត្តពោធិ៍សាត់ គឺខេត្តពោធិ៍សាត់ត្រូវតែមានសមត្ថភាពទឹកចំនួន ១៥០០ លាន មែត្រត្រីគុណ សម្រាប់ធ្វើការផ្គត់ផ្គង់ទូទាំងខេត្ត។