លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អបអរសាទរខួប ១ឆ្នាំ ល្ខោនខោល ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ និងអញ្ជើញបួងសួងនៅប្រាសាទអង្គរវត្ត


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញបួងសួងនៅ ព្រះអង្គរយ ព្រះអង្គពាន់ និងជួបសំណេះសំណាលជាមួយប្រជាពរដ្ឋក្នុងបរិវេនប្រាសាទអង្គរវត្ត ខេត្តសៀមរាប នារសៀលថ្ងៃព្រហស្បត្តិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ពិធីបួងសួងនេះផងដែរ គឺស្របពេលដែលល្ខោនខោលខ្មែរ ត្រូវបានប្រារព្ធពិធីរំលឹកខួបគម្រប់ ១ឆ្នាំ (២៨.១១.២០១៨ – ២៨.១១.២០១៩) នៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ នៅទីក្រុង ព័រល្វី (Portlouis) នៃសាធារណៈរដ្ឋម៉ូរីស (Maurice) ។

ឆ្លៀតក្នុងពិធីនោះផងដែរ លោកជំទាវក៏បានជួបសំណេះសំណាលជាមួយ ឆ្មាំប្រាសាទ អ្នកមគ្គុទ្ទេសទេសចរណ៍ បុគ្គលិកបេតីកភណ្ឌពិភពលោកប្រចាំនៅតំបន់អង្គរ បុគ្គលិករបស់អាជ្ញាធរ អប្សារាប្រចាំនៅតំបន់អង្គរ បងប្អូនប្រជាពលរដ្ឋ កុមារា កុមារី កងកម្លាំងប្រដាប់អាវុធផ្នែកការពារសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំការនៅតំបន់នោះ ។ ដោយក្តីអាណិតអាសូរ លោកជំទាវក៏បានចែករំលែកនូវថវិកាផ្ទាល់ខ្លួន ឧបត្ថមជូនដល់ស្ត្រីមេមាយ ដែលទបើនឹងសម្រាកកូនរួច និងចែកទានដល់ទុរគតជន និងកុមារា កុមារី ប្រមាណជាង ១០០នាក់ ដោយម្នាក់ៗទទួលបាន សារ៉ុង មួយ នឹងថវិកាមួយចំនួន ។

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យក្រុមការងារពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសម្អាតអនាម័យ និងថែរក្សាបរិស្ថានឲ្យបានល្អ ជាពិសេស គឺថែទាំប្រាង្គប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសរបស់យើងឲ្យនៅគង់វង្សបានល្អ ដើម្បីលើកស្ទួយដល់វិស័យទេសចរណ៍ឲធ្វើឲ្យប្រាសាទកាន់តែមានសោភណ្ឌភាព និងមានភាពទាក់ទាញដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកជំទាវក៏បានបួងសួង ថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំនិងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ៕