សម្តេចតេជោ ហ៊ុន សែន ៖ “អរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះអោយបានគង់វង្ស”


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារអបអរសាទរខួប ៣ឆ្នាំ នៃការដាក់បញ្ចូលចាបុីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ សម្តេចក៏បានថ្លែងអំណរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះអោយបានគង់វង្ស និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលខិតខំដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

ដោយខាងក្រោមនេះជាខ្លឹមសារដែលសម្តេចតេជោ៖ “អបអរសាទរ ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។ អរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សា នូវសិល្បៈមួយនេះអោយបានគង់វង្ស និងអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួន ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមបងប្អូនជនរួមជាតិបន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត”៕