វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង


នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាល អភិបាលរងស្រុក លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ អង្គការ សង្គមស៊ីវិល និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងវេទិកាដ៏មានសារៈសំខាន់នេះសរុប៣៣១នាក់។

គោលបំណងសំខាន់នៃវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង៕