បញ្ហាសំណល់ប្លាស្ទិកគឺជាបញ្ហាប្រឈម និងជាក្តីកង្វល់រួមរបស់ពិភពលោក


«បញ្ហាសំណល់ប្លាស្ទិកគឺជាបញ្ហាប្រឈម និងជាក្តីកង្វល់រួមរបស់ពិភពលោក។ ការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសំណល់ប្លាស្ទិកគឺជាកិច្ចការដ៏លំបាកមួយ ដែលតម្រូវឱ្យមានការចូលរួម និងខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធទាំងអស់រួមមាន អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា»។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងឱកាសជាអធិបតីបើក «វេទិកាជាតិស្តីពីសកម្មភាពទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា» សហការរៀបចំដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រុមការងារគ្រប់គ្រងសំណល់ប្លាស្ទិករបស់ក្រសួងបរិស្ថានជាមួយកមុ្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ក្រោមគម្រោង ជំរុញបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាព (ហៅកាត់ថា BESD) របស់ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានចោទសួរថាតើហេតុអ្វីបានជាយើងត្រូវខ្វល់ខ្វាយអំពីបញ្ហាប្លាស្ទិក? ពីព្រោះ ១) ប្លាស្ទិកបានបំពុលបរិស្ថានយ៉ាងខ្លំាងរួមមាន ខ្យល់ ទឹក និងដី ២) សំណល់ប្លាស្ទិកបំផ្លាញជីវៈចម្រុះទាំងក្នុងទឹក និងលើគោក ៣) សំណល់ប្លាស្ទិកបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស ៤) យើងត្រូវចំណាយថវិកាច្រើនក្នុងការសម្អាត ៥) ប្លាស្ទិកមួយចំនួនមិនងាយនឹងរលួយ និងមិនអាចកែច្នៃឡើងវិញបាននោះទេ ៦) ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាខ្លាំងនៅពេលដែល ទឹក ដី និងខ្យល់ត្រូវបានបំពុលដោយប្លាស្ទិក។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា សព្វថ្ងៃនេះ ការប្រយុទ្ធប្រឆាំងនឹងសំណល់រឹងសំរាម សំណល់ប្លាស្ទិកជាសកម្មភាពជាអាទិភាពបំផុតមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តវិធានការច្បាប់ដ៏តឹងរឹងប្រឆាំងនឹងការលួចនាំចូលទំនិញហាមឃាត់គ្រប់ប្រភេទ។ រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានជាដាច់ខាតចំពោះការនាំចូលនូវសំណល់ប្លាស្ទិក មកកែច្នៃនៅកម្ពុជាទេ ព្រោះកម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយកម្ពុជាតែងតែជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា។ ប៉ុន្តែកម្ពុជា លើកទឹកចិត្តឱ្យមានការកែច្នៃសំណល់ ប្លាស្ទិកដែលមាននៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមកាត់បន្ថយការបំពុលដោយប្លាស្ទិក។

សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក។ ចាប់តាំងពីការបង្កើតប្លាស្ទិកដំបូង រហូតដល់ឆ្នាំ ២០១៧ សំណល់ប្លាស្ទិកមានចំនួនប្រមាណជាជាង ៨.៣ ប៊ីលានតោន ហើយមានតែ ៩% តែប៉ុណ្ណោះនៃសំណល់ប្លាស្ទិកដែលត្រូវបានយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។ សំណល់ប្លាស្ទិក បានកើនឡើងជារៀងរាល់ឆ្នាំ នៅឆ្នាំ ២០៥០ សំណល់ប្លាស្ទិកនឹងកើនដល់ ៣៤ ប៊ីលានតោន។ នៅឆ្នាំ ២០៥០ នេះ ប្លាស្ទិកអាចមានច្រើនជាងត្រីនៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។