អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កោតសរសើរការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន


ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួបលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។

ឯកឧត្តម សុខ ចិន្តាសោភា បានសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកស្រីអគ្គលេខាធិការ និងសហសេវិក ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយស្ថាប័នវិនិយោគនៃប្រទេសកម្ពុជា។

ឯកឧត្តមបន្ដថា កត្តានេះបានផ្តល់ឱកាសឲ្យឯកឧត្តមចែករំលែកព័ត៌មាន អំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្ដានុពលធុរកិច្ចនិងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
​លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្នុងអំឡុងពេលពីរទស្សវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រែក្លាយកម្ពុជា ពីប្រទេសដែលធ្លាប់មានសង្គ្រាម ទៅជាប្រទេសដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័ស និងបានក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥។

លោកស្រីបានបន្ថែមថា លោកស្រីយល់ច្បាស់ណាស់ ពីដំណើរដ៏លំបាករបស់កម្ពុជា ដោយសារលោកស្រី បានឆ្លងកាត់ផ្ទាល់នូវបទពិសោធន៍ជម្លោះផ្ទៃក្នុងដ៏ជូរចត់ នៅប្រទេស រវ៉ានដា ដែលជាប្រទេសកំណើតរបស់គាត់ កាលពីឆ្នាំ១៩៩៤ ដែលបានធ្វើឲ្យប្រជាពលរដ្ឋជិត១លាននាក់ស្លាប់បាត់បង់ជីវិត។

គួរបញ្ជាក់ថា ប្រទេសរវ៉ានដា មានទីតាំងស្ថិតនៅភាគកណ្តាល នៃតំបន់ អាហ្វ្រិកខាងកើត មានប្រជាជនប្រមាណ១២លាននាក់ បានឆ្លងកាត់ជម្លោះជាតិសាសន៍កាលពីឆ្នាំ១៩៩៤ ដែលបណ្តាលឲ្យមានជនរងគ្រោះស្លាប់ និងពិការជាច្រើន។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានថ្លែងថា ដើម្បីពង្រឹង និងពង្រីកការប្រើប្រាស់ភាសាបារាំង គប្បីត្រូវពង្រឹងចំណងទាក់ទងផ្នែកធុរកិច្ចរវាងបណ្តាប្រទេស ដែលប្រើប្រាស់ភាសាបារាំង។

ជាកិច្ចឆ្លើយតបឯកឧត្តម សុខ ចិន្តាសោភា បានស្វាគមន៍ចំពោះមតិនេះ និងបានស្នើសុំលោកស្រី ជួយសម្របសម្រួលឲ្យមានការប្រាស្រ័យទាក់ទងគ្នា រវាងធុរជននៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង នៅគ្រប់ទ្វីប ជាពិសេស ក្រុមហ៊ុនដែលទើបកកើតថ្មី (start-up) នៅក្នុងវិស័យឌីជីថល ដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

គួររំលឹកដែរថា អង្គការ OIF ដែលជាអង្គការអន្តរជាតិមួយ មានប្រទេសប្រើប្រាស់ភាសាបារាំងចំនួន៨៨ ប្រទេសជាសមាជិក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧០ ដោយបិតាស្ថានិកចំនួន៤រូប ដែលក្នុងនោះ មានព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ មួយព្រះអង្គផងដែរ ហើយអង្គការនេះ មានបេសកកម្មចំនួន៤៖

ទី១៖ លើកតម្កើងការប្រើប្រាស់ភាសាបារាំង ភាពចម្រុះនៃវប្បធម៌ និងភាសាផ្សេងៗ
ទី២៖ លើកតម្កើងសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស
ទី៣៖ គាំទ្រ វិស័យអប់រំ ការបណ្តុះបណ្តាល ឧត្តមសិក្សា និងការស្រាវជ្រាវ
ទី៤៖ ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងសាមគ្គីភាព៕