ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហាញនូវលទ្ធផលសិក្សាស្រាវជ្រាវមួយស្តីពីភាពវិជ្ជមាន និងអវិជ្ជមាននៃការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) បន្ទាប់ពីបានចំណាយពេលសិក្សាស្រាវជ្រាវអស់រយៈពេលជាយូរមកនោះ។ ការសិក្សាស្រាវជ្រាវស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ត្រូវបានធ្វើឡើងរវាងក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានសិក្សាស្រាវជ្រាវស្តីពីសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ។
ពិធីផ្សព្វផ្សាយលទ្ធផលនៃការសិក្សានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកសាស្រ្តាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)។ ពិធីផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងវិទ្យាស្ថានស្រាវជ្រាវនានាសរុបប្រមាណ ៨០នាក់។
សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ជាទីផ្សារមួយដ៏ធំមួយគ្របដណ្ដប់ប៉ែកអឺរ៉ុបខាងកើត ដោយមានសមាជិកចំនួន៥ ប្រទេស គឺអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន និងរុស្ស៉ី។ សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មានប្រជាជនសរុបចំនួន ១៧៦លាននាក់ និងផលិតផលក្នុងស្រុកសរុប ២.៥ ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០១៦។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី នឹងអាចឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មលើទំនិញ សេវា និងវិនិយោគ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មានផលវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឱ្យកម្ពុជាទាញយកផលប្រយោជន៍បន្ថែមតាមរយៈការចូលរួមនៅក្នុងខ្សែចង្វាក់ផលិតកម្មតំបន់ និងពិភពលោក។
ក្នុងរបាយការសិក្សា បានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី នឹងនាំឱ្យមានការរីកចម្រើនក្នុងវិស័យផលិតកម្ម ពង្រីកសេវាកម្ម និងការអភិវឌ្ឍសេវាកម្មថ្មីៗបន្ថែមទៀត។ ការសិក្សាក៏បង្ហាញថា ការពង្រីកសេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន សេដ្ឋកិច្ចឌីជីថល និងសេវាកម្មកសិកម្ម ជាវិស័យដ៏សំខាន់ដែលចូលរួមជួយឱ្យមានកំណើនសេដ្ឋកិច្ច។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Cambodia-Eurasian Economic Union FTA-CEFTA) បង្ហាញពីកាលានុវត្តភាពឈ្នះ-ឈ្នះសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផលិតកម្មពិភពលោក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីកណ្តាល និងជាមួយប្រទេសរុស្ស៉ី។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក។ ជាពិសេសកម្ពុជា អាចបង្កើនការនាំចេញសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ផលិតផលកសិកម្ម និងទំនិញដទៃទៀត ខណៈដែលសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ក៏អាចជ្រៀតចូលទីផ្សារកម្ពុជាកាន់តែទូលំទូលាយជាងមុន ជាពិសេសលើវិស័យថាមពល។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា អនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសដៃគូ ក្រសួងពាណិជ្ជកម្មបាន បាននិងកំពុងសិក្សាលើលទ្ធភាពចរចាកិច្ចព្រមព្រៀងជាមួយប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងផងដែរ។
លទ្ធផលនៃការសិក្សា បានបង្ហាញពីភាពវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងនាំឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជា មានការកើនឡើង បង្កើនការងារសម្រាប់ប្រជាជន ឈានសម្រេចបានតាមផែនការរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕