ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចុះពិនិត្យនិងស្វែងយល់អំពីការងារអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ


ឆ្លៀតក្នុងឱកាសអញ្ជើញបំពេញភារកិច្ចនៅខេត្តសៀមរាប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដំណើរដោយមន្ត្រីជាថ្នាក់ដឹកនាំផ្សេងទៀត រួមទាំងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់អំពីការងារមួយចំនួនដែលពាក់ព័ន្ធនៅរមណីយដ្ឋានអង្គរនាពេលរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងកំឡុងពេលនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជម្រាបជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យនូវផែនការសកម្មភាពរបស់អាជ្ញាធរជាតិអប្សរានាពេលអនាគតក្នុងការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ និងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្តែងនូវការសប្បាយរីករាយនិងអបអរសាទរនូវរាល់សមិទ្ធផលដល់អាជ្ញាធរជាតិអប្សរាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលបានខិតខំបំពេញភារកិច្ចសម្រេចបាននូវលទ្ធផលដ៏ឧត្តុង្គឧត្តមក្នុងវិស័យបេតិកភណ្ឌវប្បធម៌ទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ៕