ជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោក Benoit Bosquet នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិច


ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោក Benoit Bosquet នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិច ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាអំពីបញ្ហាអាទិភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងកម្មវិធីនានារបស់ធនាគារពិភពលោកទាក់ទងនឹងវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាពរួមមាន៖ ការអភិវឌ្ឍជនបទ ការអភិវឌ្ឍសង្គម កសិកម្ម បរិស្ថាន ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងគ្រោះមហន្តរាយ។

ជំនួបពិភាក្សាបានផ្តោតជាសំខាន់លើការអនុវត្តគម្រោងកែលម្អការផ្គត់ផ្គង់ទឹក និងអនាម័យដែលកំពុងត្រូវបានអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងវិស័យដែលមានសក្តានុពលសម្រាប់ការចូលរួមនាពេលអនាគត រួមទាំងការសិក្សាអំពីភាពធន់នឹងបម្រែបម្រួលអាកាសធាតុនិងទឹកជំនន់ នៅក្នុងក្រុងសៀមរាប និងទីក្រុងនានាជាច្រើនទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវឌ្ឍនភាពគម្រោងកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍន៍នានា (Technical Cooperation Project, TCP) ទាក់ទងនឹងការតាក់តែងច្បាប់ ការរៀបចំបទដ្ឋានបច្ចេកទេស និងផែនការមេដើម្បីពង្រឹងសមត្ថភាពលើការគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា៖ ក្រសួងនៅតែត្រូវការអ្នកជំនាញ និងអ្នកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ដើម្បីជួយបង្កើនចំណេះដឹងបច្ចេកវិទ្យាថ្មីបន្ថែមទៀត ដល់មន្ត្រីក្រសួង ដើម្បីអាចរៀបចំគោលនយោបាយទឹកកខ្វក់ បទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រង និងការសាងសង់បណ្តាញ និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់នានានៅទូទាំងប្រទេស៕