សិក្ខាសាលាថ្នាក់តំបន់ ស្ដីពី ការស្រាវជ្រាវប្រតិបត្តិក្រោមប្រធានបទ ការបង្រៀន និងរៀន ភាសាបារាំង ទស្សនៈប្រៀបធៀប


សៀមរាប ៖ សិក្ខាសាលាថ្នាក់តំបន់ ស្ដីពី ការស្រាវជ្រាវប្រតិបត្តិ ត្រូវបានរៀបចំពីរឆ្នាំម្តងនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិកដែលជាសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូ ហ្វូនី ដោយមានការចូលរួមពីបណ្តាអ្នកស្រាវជ្រាវវ័យក្មេងនៅក្នុងតំបន់។ សម្រាប់ឆ្នាំនេះ សិក្ខាសាលាផ្តោតលើ វិធីសាស្ត្របង្រៀនភាសាបរទេសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី ៤ និងក្នុងបរិបទការអប់រំបែបឌីជីថល ដែលសិក្ខាសាលាមានរយៈពេលបី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។

សិក្ខាសាលាបើកឲ្យមានការពិភាក្សាពីបញ្ហាប្រឈម ពីផលជះ ក៏ដូចជាពីឧបសគ្គនានាពាក់ព័ន្ធនឹង ការរៀន និងបង្រៀនភាសាបរទេស ក៏ដូចជាការសិក្សាស្រាវជ្រាវដែលត្រូវធ្វើជាប្រចាំដោយគ្រូបង្រៀនដើម្បីពង្រឹង គុណភាពនៃការបង្រៀនដល់សិស្ស និស្សិត និងអ្នកសិក្សានៅក្នុងបរិបទថ្មី។

ក្នុងឱកាសនេះដែរឯកឧត្ដមរដ្ឋមន្ត្រីក៏បានថ្លែងសង្កត់ធ្ងន់លើគុណភាពនៃការបង្រៀន វិធីសាស្ត្របង្រៀន និងគុណភាពនៃសម្ភារឧបទេសដែលជាមូលដ្ឋានគ្រឹះនៃការអប់រំប្រកបដោយគុណភាព។ ការបង្រៀនសិស្សនាពេលបច្ចុប្បន្ន គឺជាការនាំសិស្សឲ្យចេះរៀនដោយខ្លួនឯង ការបង្រៀនសិស្សឲ្យមានគំនិតច្នៃប្រឌិត បង្កើតថ្មី វិស្វកម្មកម្រិតខ្ពស់ និងសង្កប្ប ដើម្បីដោះស្រាយបញ្ហាសាំញ៉ាំ អរូបិយ ដើម្បីរួមរស់ ជាមួយគ្នាកាន់តែប្រសើរ។

០៤ វិច្ឆិកា ២០១៩ | សណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប