លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី អញ្ជើញចូលរួម អធិបតីក្នុងពិធីយុទ្ធនាការ១៦ថ្ងៃ បំពាក់បូពណ៍ស បញ្ឈប់អំពើហិង្សាលើស្ត្រី


ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញចូលរួម អធិបតីក្នុងពិធីយុទ្ធនាការ១៦ថ្ងៃ បំពាក់បូពណ៍ស បញ្ឈប់អំពើហិង្សាលើស្ត្រី ក្រោមប្រធានបទ “រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី “ រៀបចំដោយក្រសួងកិច្ចការនារី ដោយមានការសហការជាមួយអង្គការ UN Women កម្មវិធីACCESS អង្គការ UNFPA ។ យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី គឺជាយុទ្ធនាការមួយដែលត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ និងជាលក្ខណៈសកល ។ កម្មវិធីនេះប្រារព្ធឡើងនៅទីស្តីការក្រសួងកិច្ចការនារីដែលមានអ្នកចូលរួមទាំងអស់ប្រមាណ ៣៥០នាក់ ក្នុងនោះមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រសួងកិច្ចការនារី ក្រុមការងារបច្ចេកទេសឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រមកពីក្រសួងពាក់ព័ន្ធ អង្គការដៃគូ បងប្អូនកម្មករ កម្មការិនីមកពីរោងចក្រ ចំនួន៩នៅរាជធានីភ្នំពេញ និងចំនួន១មកពីខេត្តតាកែវ ប្អូនៗសិស្សានុសិស្ស មកពីវិទ្យាល័យ ហ៊ុន សែន បូរី មួយរយខ្នង ។ យុទ្ធនាការនេះមានគោលបំណង ១.បង្កើនការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈ រួមគិត រួមធ្វើ និងរួមដោះស្រាយ ២.បង្កើនការឆ្លើយតបសេវាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេសការរំលោភបំពានផ្លូវភេទ ៣.បង្កើនការប្តេជ្ញាចិត្តរបស់អ្នកចូលរួម ជាពិសេសយុវជនក្នុងការបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ។