ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាតឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា គោលបំណងរបស់ឯកឧត្តម នាថ្ងៃនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឌីជីថល រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់នៃវិស័យទូរស័ព្ទចល័តនៅកម្ពុជា ហើយកម្ពុជា គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសនាំមុខ ដែលមានអ្នកប្រើប្រាស់ទូរស័ព្ទច្រើនជាងគេនៅក្នុងតំបន់។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាង ក្រសួង និង ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ហៅកាត់ (USABC) នាពេលកន្លងមក ព្រមទាំងរំពឹងថានឹងមានការិយាល័យតំណាង USABC នៅកម្ពុជានាពេលខាងមុខ ហើយការទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកទ្វេរឡើងថែមទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ចថ្មី មកបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា វត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត រវាងប្រទេសទាំងពីរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី សូមមានសុខភាពល្អ និងសម្រេចជោគជ័យ នៅក្នុងការបំពេញបេសកកម្មការងារ នៅព្រះរាជាណាចក្រកម្ពុជា៕