លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ធនធាន ១.១០៦អង្គ/នាក់ នឹងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេន-ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់គរុកោសល្យ ដល់សមណនិស្សិត និស្សិត គរុសមណនិស្សិត គរុនិស្សិត គរុសមណសិស្ស និងគរុសិស្ស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ចំនួន ១.១០៦អង្គ/នាក់ ព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែមិគរសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។

លោកជំទាវបានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទសឲ្យមានសុខសន្តិភាព មានសេ្ថរភាពនយោបាយល្អ មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ។ ក្នុងនោះក៏មានវិស័យអប់រំផងដែរ ដែលជាវិស័យអាទិភាពត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុក្ខដាក់ខ្ពស់ ដោយបានធ្វើកំណែទម្រង់យ៉ាង ស៊ីជម្រៅជាបន្តបន្ទាប់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ដើម្បីជំរុញឱ្យការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធិភាព និងឈានទៅរកការប្រកួតប្រជែងទាំងក្នុងប្រទេស និងក្នុងតំបន់ ។

លោកជំទាវសង្ឃឹមយ៉ាងម៉ុតមាំថា តាមរយៈ គ្រាប់ពូជ ១.១០៦អង្គ/នាក់ ដែលទទួលសញ្ញាបត្រថ្ងៃនេះ ក្រោមការណ្តុះបណ្តាលរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងក្លាយជាយុវជនបន្តវេន ជាកម្លាំងចលកររបស់ជាតិ ជាធនធានបញ្ញាប្រកបដោយគុណភាព មានសមត្ថភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងពុទ្ធចក្រ និងអាណាចក្រ និងចូលរួមចំណែកក្នុងការកាត់បន្ថភាពក្រីក្រ ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវក៏សូមចូលរួមសោកស្តាយ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពដែលបានទទួលមរណៈភាព ក្នុងហេតុការណ៍បាក់រលំសាលាឆាន់ នៅវត្តប្រាសាទគោកចក នៅខេត្តសៀមរាប គឺជាហេតុការណ៍ដែលមិនគួរឲ្យកើតមាននោះទេ ។ លោកជំទាវក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេស ពាក់ព័ន្ធនឹងវិស័យសំណង់ ត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀតក្នុងការត្រួតពិនិត្យនូវគុណភាពសំណង់ឲ្យបានហ្មត់ចត់ ដើម្បីរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

ជាទីបញ្ចប់លោកជំទាវក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភដល់កម្មវិធីផងដែរ៕