កិច្ចប្រជុំត្រៀមដើម្បីពិភាក្សាលើការងាររៀបចំកិច្ចប្រជុំត្រួតពិនិត្យមើលឡើងវិញលើកទី៤ (4thJCR) នៃគណៈកម្មាធិការរួមចម្រុះការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងមហាអនុតំបន់ទន្លេមេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ


ថ្ងៃសុក្រ ១០ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមដើម្បីរៀបចំកិច្ចប្រជុំត្រួតពិនិត្យមើលឡើងវិញលើកទី៤ (4thJCR) នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានឱ្យដឹងថា៖ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំលើកទី៤នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញរបស់គណៈកម្មាធិការរួមចម្រុះសម្រាប់កិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន(CBTA) ក្នុងមហាអនុតំបន់ទន្លេមេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ នៃគណៈកម្មាធិការរួមចម្រុះសម្រាប់អនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្រោមក្របខ័ណ្ឌមហាអនុតំបន់មេគង្គ(CBTA) និងកិច្ចប្រជុំគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងដែន។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានជជែកពិភាក្សាលម្អិតលើការរៀបចំ ការបែងចែកការទទួលខុសត្រូវ និងរបៀបវារៈដើម្បីត្រៀមរៀបចំឱ្យកិច្ចប្រជុំនេះមានភាពរលូន ជៀសវាងមានកំហុសឆ្គងក្នុងករណីណាមួយកើតមានឡើងជាយថាហេតុ ព្រោះថានេះជាមុខមាត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមុខមាត់របស់ប្រទេសជាតិទាំងមូលផងដែរ៕