ឯកអគ្គរដ្ឋទូតអាមេរិក ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្តលើកដំបូង


(សៀមរាប)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៤ ឆ្នាំ២០១៩ នៅអង្គរវត្ត ខេត្តសៀមរាប បានដំណើរការការប្រកួតហើយ នៅព្រឹកថ្ងៃទី០៨ ខែធ្នូនេះ ដែលធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងមានការចូលរួមពីភ្ញៀវជាតិ-អន្ដរជាតិចំនួន ១២,១៧៥នាក់ មកពី ៨៥ប្រទេសលើពិភពលោក។
អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ក៏មានវត្តមានលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាចូលរួមផងដែរ ស្របពេលពលរដ្ឋអាមេរិក បានឈរលេខ៣ ក្នុងនាមជនបរទេសចូលរួមព្រឹត្តិការណ៍នេះច្រើនជាងគេ។ នេះគឺជាលើកដំបូងហើយ ដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានចូលរួម ស្របពេលព្រឹត្តិការណ៍នេះ កំពុងល្បីល្បាញ និងទាក់ទាញអ្នកកីឡាបរទេសមកពីគ្រប់ទិសទីលើពិភពលោក ។ បើតាមការបញ្ជាក់របស់គណៈកម្មការរៀបចំ លោក W.Patrick Murphy នឹងត្រូវរត់ចម្ងាយ ១០គីឡូម៉ែត្រ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះផងដែរ ដែលបានទាក់ទាញថ្នាក់ដឹកនាំ ឯកអគ្គរដ្ឋទូត និងភ្ញៀវជាតិ-អន្ដរជាតិរហូតដល់ ១២,១៧៥នាក់ មកពី ៨៥ប្រទេសចូលរួម ដែលចំនួននេះមានកំណើនប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៨ ក្នុងជនបរទេសចូលរួមច្រើនជាងគេ គឺអង់គ្លេសឈរលេខ១ (៦៤៦នាក់), ជប៉ុន និងអាមេរិក ឈរលេខ២ និងលេខ៣ ដោយមាន ៤៨៨នាក់ដូចគ្នា, អូស្ដ្រាលីលេខ៤ (៤០២នាក់), បារាំង ឈរលេខ៥ (៣៩៨នាក់) និងកម្ពុជា ៧,៥៧៣នាក់ ។
ឯកឧត្តមក៏បានបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានក្លាយជាដែកឆក់ថ្មី នៃផលិតផលទេសចរណ៍ច្នៃបង្កើតថ្មីមួយដ៏មានសារៈសំខាន់ រួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរ៉ាប់ម៉ឺននាក់ក្នុងរយៈពេលតែមួយ ។ ក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ បានខិតខំប្រឹងប្រែងការធ្វើពិពិតកម្មផលិតផលទេសចរណ៍ឲ្យកាន់តែមានភាពទាក់ទាញថ្មីៗ ប្លែកៗបន្ថែមទៀត ដើម្បីសម្រេចគោលដៅកំណើនទេសចរណ៍អន្ដរជាតិដល់ ៧លាននាក់ក្នុងឆ្នាំ២០២០» ។
គួរបញ្ញាក់ថា នេះគឺជាលើកទី២៤ ហើយ ដែលទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ត្រូវបានរៀបចំឡើង ក្រោមរាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់ក្រសួងទេសចរណ៍ សហការជាមួយ NOCC និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ក្នុងគោលបំណងធ្វើពិពិតកម្មកីឡាទេសចរ ឲ្យក្លាយជាផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងថ្ងៃអនាគត៕