អភិបាលស្រុកព្រៃឈរ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្តកំពង់ចាម


(ឧត្តរមានជ័យ)៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឡោ ចាន់នី អភិបាលស្រុកព្រៃឈ បានដឹកនាំមន្ត្រីរាជការ មេបញ្ជាការកងកម្លាំងទាំង៣ របស់ស្រុក និងព្រះសង្ឃជាច្រើនអង្គ បានអញ្ជើញ និងនិមន្តមកសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយមានសម្ភារ ថវិកាមកប្រគល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងពល បានសំដែងនូវក្តីរំភើបរីករាយ ចំពោះវត្តមានលោកអភិបាលស្រុកព្រៃឈរ និងក្រុមការងារ ដែលបានឈ្លៀតឱកាសដ៏មមាញឹកអញ្ជើញចុះមកសួរសុខទុក្ខ សំណេះសំណាលក្នុងឱកាសនេះ។

ជាមួយគ្នានេះ លោកមេបញ្ជាការកងពល ក៏បានជម្រាបជូនប្រតិភូសាលាស្រុកព្រៃឈរ ពីសភាពកាណ៍តាមបន្ទាត់ព្រំដែនកម្ពុជា -ថៃរហូតមកដល់ថ្ងៃនេះ គឺមិនមានអ្វីគួរឲ្យកត់សម្គាល់ នោះទេ គឺកម្លាំងយើងទាំងពីរមានកិច្ចសហការគ្នាល្អណាស់ តាមរយៈការហូបបាយសាមគ្គី ការលេងកីឡាសាមគ្គី និងការជួបប្រាស្រយ័គ្នាជាញឹកញាប់តាមគោលដៅឈរជើងរៀងៗ ខ្លួន ពិសេសកងកម្លាំងឈរជើង នៃប្រទេសទាំងពីរ បានប្តេជ្ញារួមគ្នាលុបបំបាត់បទល្មើសនានាតាមបន្ទាត់ព្រំដែន និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែនឲ្យបានល្អ ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ជាក់ស្តែង សភាពការណ៍កន្លងទៅថ្មីៗនេះ គឺកម្លាំងឈរជើងរបស់ទាហានថៃនៅតាមព្រំដែន បានបង្ហាញពីកិច្ចសហការគ្នាបានយ៉ាងល្អ ដោយយករូបថតរបស់ទណ្ឌិត សម រង្ស៊ី ជាមេក្លោង និងបក្ខពួកមួយចំនួនទៀត បិទនៅតាមព្រំដែន ក្នុងន័យមិនឲ្យក្រុមជនក្បត់ជាតិទាំងនេះ ចូលមកបំផ្លាញសុខសន្តិភាពនៅប្រទេសកម្ពុជាតាមផែនការរបស់ខ្លួននោះទេ។

លោកឧត្តមសេនីយ៍ទោ ឈុំ ខេង បានថ្លែងនូវការអរគុណចំពោះប្រតិភូសាលាខេត្តកំពង់ចាម ដែលជាអង្គភាពចងសម្ពន្ធមេត្រីជាមួយកងពលតូចអន្តរាគមន៍លេខ៦ ដែលជានិច្ចជាកាលតែងជួយឧបត្ថម្ភទាំងសម្ភារ ថវិកា ធ្វើឲ្យអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ មានការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ហើយលោកសូមប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយមិនឲ្យក្រុមណាមួយ ជនណាមួយមកផ្តួលរំលំបានជាដាច់ខាត។

នៅក្នុងឱកាសនោះដែរ លោក ឡោ ចាន់នី អភិបាលស្រុកព្រៃឈរ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចំពោះនាយទាហាន នាយទាហានរង និងពលទាហានយើងគ្រប់ៗរូប។ លោកគូសបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែខាងមុខនេះ លោកអភិបាលខេត្តកំពង់ចាម នឹងដឹកនាំប្រតិភូអញ្ជើញចុះមកជួបសំណេះសំណាលជាមួយ នាយ នាយរង និងពលទាហានយើងដោយផ្ទាល់តែម្តង។

លោកអភិបាលស្រុក បានបន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍និងរីកចម្រើនគ្រប់វិស័យ ដូច្នេះយើងទាំងអស់គ្នា ត្រូវរួបរួមគ្នាការពាររាជរដ្ឋាភិបាល ការពារសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីចម្រើន ជាងនេះជាបន្តទៅទៀត។ អំណោយដែលលោកនាំមកថ្ងៃនេះ ទោះមិនបានតាមតម្រូវការក៏ពិតមែន តែអាចដោះស្រាយការខ្វះខាតបានមួយរយៈពេលដែរ ហើយលោកសន្យាថា នៅឱកាសក្រោយៗទៀត រដ្ឋបាលស្រុកព្រៃឈរ នឹងមកជួបមុខបងប្អូនកងទ័ពយើងទៀត៕