ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត៧ពាន់នាក់


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រមានចំនួនសរុប ៦,៧៦២នាក់ ក្នុងនោះនារី ២,៧៦១នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត។

ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ៖

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការអាក់ខានកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមេគង្គ-សាធារណរដ្ឋកូរ៉េ ព្រមទាំងកម្មវិធីផ្សេងៗក្នុងប្រទេសកម្ពុជាផង ដោយសារតែស្ថានភាពជំងឺរបស់ម្តាយក្មេក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានភាពរីករាយចំពោះសាកលវិទ្យាល័យ CUS ដែលមិនត្រឹមតែមានទីតាំងក្នុងរាជធានីភ្នំពេញទេ តែក៏មានទីតាំងនៅខេត្តចំនួន៦ផ្សេងទៀត ជាការជួយសម្រួលដល់ការសិក្សារបស់និស្សិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យសាកលវិទ្យាល័យ CUS ដែលបានប្រឹងប្រែងវិនិយោគពង្រីកសាខាទៅតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្នបានដើរចេញឆ្ងាយហើយពីស្ថានភាពអ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ ក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យគ្រឹះស្ថានអប់រំពង្រឹងនូវគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់សាកលវិទ្យាល័យ CUS ដែលបានផ្តល់អាហារូបករណ៍ជូនសម្តេច ដើម្បីសម្តេចបានផ្តល់លទ្ធភាពជូននិស្សិតក្រីក្របានសិក្សារៀនសូត្រ។ មកដល់ពេលបច្ចុប្បន្នសាកលវិទ្យាល័យបានផ្តល់អាហារូបករណ៍ជូនសម្តេចចំនួន ១,៤៧៦កន្លែង។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់សិស្ស និស្សិតកុំធ្វើឱ្យឪពុកម្តាយខកបំណង ហើយត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកនិស្សិតថា ត្រូវយកចំណេះដឹងធ្វើជាប្រយោជន៍សម្រាប់ជាតិ គ្រួសារ និងសហគមន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុញ្ញាតឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍលើវិស័យអប់រំ និងអនុញ្ញាតឱ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃសិក្សារបស់និស្សិត គឺជាការដាក់ចេញនូវគោលនយោបាយមួយដ៏ត្រឹមត្រូវក្នុងបណ្តុះបណ្តាលដែលមានកំណើនជារៀងរាល់ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅ កែវ សុខផេង កុំឱ្យបាក់ទឹកចិត្ត ហើយលទ្ធផលបាល់ទាត់នេះ គឺជាលទ្ធផលប្រវត្តិសាស្ត្រ។

* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការទាត់ហ្វ្រីឃីក របស់ កែវ សុខផេង គឺជាគ្រាប់បាល់ដ៏ល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្រង់លេងបាល់ទាត់របស់កម្ពុជាជាទម្រង់ដ៏ល្អ។ សម្តេចតេជោសង្ឃឹមថា ចលនាកីឡានេះ នឹងក្លាយទៅជាចលនាជាតិមួយដ៏ធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថភាពកីឡារបស់កម្ពុជានឹងកាន់តែប្រសើរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាឆ្នាំ២០២១។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា កម្ពុជាចាប់ផ្តើមសន្សំប្រាក់ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣។

* សម្តេចតេជោ ហ៊ុន សែន បានស្នើសុំដល់ប្រជាពលរដ្ឋមានការយោគយល់ដល់កីឡាករ កែវ សុខផេង ព្រោះការប្រកួតតែងមានចាញ់ និងឈ្នះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងអកុសលបំផុត ចំពោះការលើកពីបញ្ហា កែវ សុខផេង មានម្តាយជាជនជាតិវៀតណាម នៅពេលកម្ពុជា ប្រកួតចាញ់វៀតណាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាតិសាសន៍ណាក៏ដោយអត់ត្រូវលាបពណ៌ប្រជាពលរដ្ឋខ្លួនឯងនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលាបពណ៌នេះ គឺជាវប្បធម៌ដ៏អាក្រក់របស់ក្រុមប្រឆាំងផ្កាប់មុខ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងនេះនៅពេលចង់ផ្តួលសម្តេច នរោត្តម សីហនុ ក៏ចោទសម្តេច សីហនុ ប្រគល់ដីឱ្យយួន ហើយនៅពេលចង់ផ្តួលសម្តេច ក៏ចោទសម្តេចថាកាត់ដីឱ្យយួនទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ឬនយោបាយ «មានស៊ីអត់សែន មានសែន អត់ស៊ី» មិនមែនជានយោបាយដែលសម្តេចដាក់ចេញនោះឡើយ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ជាតិខ្មែរនឹងមិនបានសុខនោះឡើយ បើធ្វើនយោបាយចោទគ្នា «ជាអាយ៉ងចិន វៀតណាម អាមេរិក ឬបារាំង»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្រិតទឹកទន្លេមេគង្គបើបន្តធ្លាក់កាន់តែទាប ទឹកសមុទ្រអាចចូលដល់ទន្លេអ្នកលឿង។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យមានការគិតគូរទៅលើបញ្ហានេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដូវរងារឆ្នាំនេះអាចអូសបន្លាយរហូតដល់ខែមករា ហើយធាតុអាកាសត្រជាក់ចំណេញច្រើន ជាពិសេសការប្រើប្រាស់ថាមពលអគ្គិសនី ហើយទឹកក៏មិនសូវហួត។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋបង្វែរការធ្វើស្រូវរដូវប្រាំង ទៅជាការដាំបន្លែបង្ការជំនួសវិញ ដើម្បីសន្សំទឹកសម្រាប់ប្រើប្រាស់។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ កុំទម្លាក់ថ្លៃស្រូវរបស់ប្រជាពលរដ្ឋ ហើយទទួលការទិញក្នុងតម្លៃសមរម្យ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ចតាមដានលើរឿងនេះ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅសភាពាណិជ្ជកម្ម ពិនិត្យទៅលើការទិញស្រូវរបស់ប្រជាពលរដ្ឋផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ បានប្រមាថជីវិតម្តាយក្មេករបស់សម្តេច។ សម្តេចផ្តាំឱ្យបុគ្គលនោះថា បានជ្រុលជារត់ហើយ ត្រូវរត់ឱ្យឆ្ងាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យកាល់ម៉ែត្រ បានធ្វើជាសហគ្រាសសធារណៈតាំងពីចុងទសវត្សរ៍ឆ្នាំ៩០។ មន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការព្យាបាលជំងឺជាមួយពហុបច្ចេកទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចធ្វើកម្មវិធីផ្សេងៗក្នុងប្រទេសបាន តែមិនទាន់អាចចេញទៅបំពេញការងារនៅក្រៅប្រទេសនោះឡើយ ដោយត្រូវរង់ចាំតាមដានស្ថានភាពជំងឺម្តាយក្មេក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះសប្បុរសជនបានជួយថវិកាជាង ៧២លានដុល្លារសម្រាប់សាងសង់អាគារ និងបំពាក់ឧបករណ៍គ្រឿងបរិក្ខានៅអគារមន្ទីរពេទ្យកាល់ម៉ែត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជួយការសាងសង់អគារ និងបំពាក់ឧបករណ៍នៅមន្ទីរពេទ្យកាល់ម៉ែត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋមានបណ្ណក្រីក្រ បណ្ណសមធម៌ បណ្ណបេឡាជាតិរបបសន្តិសុខសង្គម នឹងទទួលបានការព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែតដោយមិនបង់ថ្លៃ។ ដោយឡែកអ្នកមានលទ្ធភាព ត្រូវបង់លុយសម្រាប់ការព្យាបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមន្ទីរពេទ្យកាល់ម៉ែត សាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសទំនើបរួចហើយ សម្តេចនឹងពិចារណាបញ្ឈប់ការទៅពិនិត្យជំងឺនៅក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចឆ្លុះបញ្ចាំងបានថា កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងរង្វង់ប្រមាណ ៧ភាគរយ តែតួលេខរបស់ធនាគារជាតិ និងអ្នកឯកទេស គឺកំណើនសេដ្ឋកិច្ច ៧.១ភាគរយ ខណៈអត្រាអតិផរណាមានជាង ២ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ និងអត្រាអតិផរណាជាង ២ភាគរយនេះ គឺជាស្ថានភាពសេដ្ឋកិច្ចដ៏ល្អ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យតាំងពីដើមរបស់រាជរដ្ឋាភិបាល គឺមានសន្តិភាព ទើបមានអ្វីៗទាំងអស់ ពោលមានសន្តិភាព ទើបមានសិទ្ធិមនុស្ស។ សិទ្ធិមនុស្ស ចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមមនុស្ស «សិទ្ធិមនុស្សនិយម» នៅពេលប្រទេសមានបញ្ហា គឺរត់លឿនជាងគេទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលពន្ធពីគយ និងពន្ធដារ មកដល់ត្រឹមថ្ងៃទី០៩ ខែធ្នូ ទទួលបានចំនួន ៥,៦៥២លានដុល្លារអាមេរិក លើសផែនការគ្រោងទុកប្រមាណ ១,១០៣លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណូលបានពីពន្ធទិញរថយន្ត និងម៉ូតូ មានរហូតដល់ ៥២ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមានថវិកាប្រមាណ ៣,៥០០លានដុល្លារ សម្រាប់យកទៅប្រើប្រាស់ពេលមានការបន្ទាន់។ ថវិកានេះ មិនទាន់បូកបញ្ចូលប្រាក់បម្រុងអន្តរជាតិ ១៥ពាន់លានដុល្លារ និងមាស ៣០តោននៅឡើយនោះទេ។

* បើទោះបីមានថវិកាសល់សម្រាប់ប្រើប្រាស់ច្រើនយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រសួងមិនអាចស្នើសុំចាយថវិកាបន្ថែមបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលទាំងអស់នេះ បានមកពីកិច្ចខិតខំទាំងអស់គ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជាប់កាតព្វកិច្ចពន្ធទាំងឡាយ ត្រូវតែនាំគ្នាចូលរួមបង់ពន្ធ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់បង់ពន្ធ គឺយកទៅប្រើប្រាស់សម្រាប់ការធ្វើផ្លូវ និងសាងសង់មន្ទីរពេទ្យជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្រុកខ្មែរចាប់ពីថ្ងៃនេះតទៅមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។ ការបញ្ជាក់ពីបញ្ហានេះបន្ទាប់ពីក្រុមអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ រំពឹងថា នឹងមានការវិវឌ្ឍន៍លើបញ្ហានយោបាយនៅថ្ងៃទី១២ ខែធ្នូ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងរង់ចាំមើលការបោះឆ្នោតនៅប្រទេសអង់គ្លេស ក្នុងការចាកចេញពីសហភាពអឺរ៉ុប។ សម្តេចតេជោ បញ្ជាក់ថា រឿងនេះមានការពាក់ព័ន្ធទាំងអង់គ្លេស ជាមួយសហភាពអឺរ៉ុប រួមទាំងកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា កម្ពុជាមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់យកវីដេអូនេះ ទៅបង្ហាញទូតនានាដែលនិយាយពីបញ្ហាសេរីភាពព័ត៌មាននេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាប់ខ្លួនអ្នកព័ត៌មានម្នាក់ ដែលជាអតីតអ្នកព័ត៌មានវិទ្យុអាស៊ីសេរី មិនមែនចាប់ពាក់ព័ន្ធរឿងផ្សាយព័ត៌មានទេ គឺចាប់រឿងយកប្រពន្ធខ្លួនឯងសេពកាម ហើយខ្លួនឯងជាអ្នកថត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញបំណងចង់យកវីដេអូនេះ ទៅបង្ហាញទូតនានាដែលនិយាយពីបញ្ហាសេរីភាពព័ត៌មាននេះ។

* សម្តេចតេជោ ហ៊ុន សែន បានហៅសកម្មភាពរបស់អ្នកព័ត៌មានរូបនេះ យកប្រពន្ធទៅសេពកាមជាមួយបរទេស ហើយខ្លួនឯងជាអ្នកថតនេះ ជាសកម្មភាពលើសពីសត្វតិរច្ឆានទៅទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកជំនួញម្នាក់ បានយកដីចំនួន៤កន្លែង សម្រាប់ធ្វើកន្លែងចាក់សំរាម ដោយដោះដូរជាមួយទីលានចាក់សំរាមពេលបច្ចុប្បន្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីផ្សារផលិតផលរបស់កម្ពុជា កំពុងរីកកាន់តែធំទៅប្រទេសចិន និងសាធារណរដ្ឋកូរ៉េជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នកគាំទ្រមុនគេសម្រាប់ការប្រជុំកំពូលរវាងអាស៊ាន និងអាមេរិក នៅសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានត្រៀមដងវាយកូនហ្គោលរួចហើយ ដើម្បីទៅវាយកូនហ្គោលនៅអាមេរិក បើមានឱកាសសម្តេចនឹងវាយកូនហ្គោល ជាមួយត្រាំថែមទៀតផង៕