រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះសួរសុខទុក្ខ កុមារាស្វិតដៃជើងទាំងសងខាងពីកំណើត


ថ្ងៃ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សារុន ឬទ្ធា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងដំណើរបំពេញបេសកម្ម នៅឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ស្ថិតក្នុងភាពចៃដន្យ ឃើញកុមារាស្វិតដៃជើងទាំងសងខាងពីកំណើតនៅខាងមុខផ្ទះ ឯកឧត្តមបានអញ្ជើញចុះសួរសុខទុក្ខ និងជូនថវិកា មួយចំនួនសម្រាប់ចាយវាយប្រចាំថ្ងៃ…។

សូមបញ្ជាក់ថា ក្នុងភារកិច្ចចុះមូលដ្ឋាន ឯកឧត្តមរដ្ឋលេខាធិការ តែងឈ្លៀតពេលទំនេរ ឬថ្ងៃបុណ្យទាន បានចុះមកមូលដ្ឋានសួរសុខទុក្ខ និងពិនិត្យមើលបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ជាពិសេសទៅទៀត ឯកឧត្តម តែងផ្តល់នូវក្តីសង្ឃឹម ចំពោះកុមារា កុមារី
ដោយមិនបាច់ប្រកាន់ថា ទាល់តែមូលដ្ឋានដែលខ្លួនត្រូវចុះ បានធ្វើនោះឡើយ។

ឯកឧត្តម តែងមានទស្សនៈថា កុមារគឺជាអនាគតសរសរទ្រូងរបស់ប្រទេសជាតិយើង។ តាមការស្រាវ ជាលក្ខណ:វិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា ការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ត្រូវធ្វើតាំងពីតូច កុមារដែលទទួលបានការអប់រំល្អតាំងពីតូច មានឱកាសនឹងរីកចម្រើនបានល្អទៅថ្ងៃមុខ ដោយលើកទឹកចិត្តឲពួកគាត់ខំរៀន ដើម្បីអនាគតរបស់ពួកគាត់ផ្ទាល់ខ្លួនផង ដើម្បីអនាគតរបស់ប្រទេសជាតិយើងដែរ ដើម្បី អោយប្រទេសជាតិយើងនឹងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។