ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះប្រធានកិត្តិយសក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរស្នើសុំឱ្យព្រះសង្ឃគ្រប់វត្តអារាមក្នុងតំបន់អង្គររួមគ្នាថែរក្សា​ អភិរក្ស មរតកវប្បធម៌ដូនតា


ក្នុងរយៈពេល៥ឆ្នាំនៃការចូលរួមយ៉ាងសកម្មរបស់ក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ វិស័យព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់សម្របសម្រួលកិច្ចការវត្តអារាមទាំង៣៥ក្នុងឧទ្យានអង្គរជាមួយកិច្ចការអភិរក្សបេតិកភណ្ឌ។ ក្នុងបរិបទការងារនេះ ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ ការអប់រំផ្សព្វផ្សាយ និងការចូលរួមផ្តល់ជាគំរូចំពោះសង្ឃ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផង។

មានសង្ឃដីកាបង្ហាញនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិកាអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាព្រះចៅអធិការវត្តរាជបូណ៌ បានសុំបិណ្ឌបាត្រដល់ព្រះសង្ឃគ្រប់វត្តអារាមទាំងអស់ សូមបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយអាជ្ញាធរជាតិអប្សរា ដែលមានសមត្ថកិច្ចថែរក្សា គាំពារសម្បត្តិបេតិកភណ្ឌក្នុងតំបន់អង្គរលើផ្នែកអភិរក្ស ការជួសជុល ក៏ដូចជាការគ្រប់គ្រងមរតកបុរាណៗដែលមានក្នុងវត្តឱ្យបានកាន់តែល្អប្រសើរគង់វង្សយូរអង្វែង។

ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ក៏បានលើកយកករណីវត្តប្រាសាទលលៃ ដែលព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តបានយល់ព្រមក្នុងការរំកិលកុដិដែលបានសង់នៅបរិវេណខាងទួលប្រាសាទលលៃមកគង់នៅខាងក្រោម ដែលកិច្ចការទាំងអស់នេះកើតឡើងបានអាស្រ័យដោយការយល់ដឹងនិងផ្តល់តម្លៃខ្ពស់ទៅលើកិច្ចការអភិរក្សមរតកដូនតា ដើម្បីទុកឱកាសឱ្យអ្នកជំនាញបានជួសជុល ថែទាំប្រាសាទផង និងរក្សាបន្តដល់កូនចៅជំនាន់ក្រោយបានស្គាល់ សិក្សា ស្វែងយល់ផង និងដើម្បីបម្រើដល់វិស័យទេសចរណ៍ បង្កើតចំណូលជូនគ្រួសារថែមទៀត។ ពិសេស ការរំកិលកុដិចេញពីបរិវេណខាងលើវត្តប្រាសាទលលៃ ក៏ជាគំរូមួយសម្រាប់វត្តអារាមដទៃទៀត ក្នុងការបញ្ជៀសការសង់សំណង់រំខានដល់សោភណ័ណភាព និងតម្លៃជាប្រវត្តិសាស្ត្រប្រាសាទបុរាណ។

ដើម្បីសម្តែងនូវការថ្លែងអំណរព្រះគុណ និងដឹងគុណនូវទឹកព្រះទ័យដ៏ប្រពៃក្នុងការរួមចំណែកអភិរក្សសប្បត្តិបេតិកភណ្ឌមនុស្សជាតិជាមួយអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និជាប្រធានអាជ្ញាធរជាតិអប្សរា បានផ្តល់បណ្ណសរសើរប្រគេននិងផ្តល់ជូនដល់ព្រះមហាវិមលធម្ម ពិន សែន សិរីសុវណ្ណោ ព្រះសង្ឃ អាចារ្យ ទីប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ ចំពោះការលះបង់និងយល់ច្បាស់ពីតម្លៃនៃមរតកមនុស្សជាតិ៕