សម្តេចប្រធានរដ្ឋសភាវាយតម្លៃខ្ពស់ចំពោះអាណត្តិបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតអ៊ិស្លាមប៉ាគីស្ថាន ចប់អាណត្តិនៅកម្ពុជា


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម អាំចាទ អាលី ហ្សៀរ (Amjad Ali Sher )នៅកម្ពុជាដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។

នៅក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Amjad Ali Sher ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ចប់អាណត្តិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា សម្តេចបានសង្កត់ធ្ងន់ថា ស្នាដៃដ៏ប្រសើរនេះ មិនត្រឹមតែនាំមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ គឺបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងសកលលោកផងដែរ។

សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា បានថ្លែងគុណប៉ាគីស្ថាន ដែលបានបញ្ជូនអ្នកសង្កេតការណ៍ឋានៈខ្ពស់សមាជិកព្រឹទ្ធសភា មកចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើស រើសតំណាងរាស្ត្រ កាលពីឆ្នំា២០១៨កន្លងទៅ និងបានគ្រំាទ្រដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។

ឯកឧត្តម Amjad Ali Sher បានជម្រាបជូនសម្តេចពីលទ្ធផលបេសកកម្មការទូតរបស់ខ្លួន ក្នុងរយៈពេល៦ឆ្នាំកន្លះនៅកម្ពុជាថា បានចូលរួមចំណែកក្នុងការពង្រឹង ពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប៉ាគីស្ថាន និងកម្ពុជាឱ្យកាន់តែរឹងមាំឡើង។ រយៈពេលជាង៦ឆ្នាំក្នុងការស្នាក់នៅកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូត បានរៀនសូត្រ និងដកស្រង់បទពិសោធន៍ជាច្រើនពីកម្ពុជា ជាពិសេស ឯកឧត្តមបានចាត់ទុកកម្ពុជាជាស្រុកកំណើតរបស់ខ្លួន។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ដែលមានតំាងពីយូរមកបានរីកចម្រើនរឹងមាំជាលំដាប់ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ស្ថាប័ននីតិប្បញ្ញត្តិសភាប្រទេសទំាងពីរ បានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភា។ កាលពីកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំសភាប៉ាគីស្ថាន បានអញ្ជើញមកចូលរួមវេទិកាអន្តរសភា ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តបន្ទាប់ រួមមាន មហាសន្និបាតប្រចំាឆ្នាំសភាតំបន់អាស៊ី (APA) និងកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) ជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅពេលវេលាសមស្របណាមួយ។

ឆ្លើយតបនឹងការអញ្ជើញនេះសម្តេចប្រធានរដ្ឋសភាបានទទួលយក ហើយថានឹងរកពេលវេលាសមស្របណាមួយ សម្តេចនឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភាអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន៕