រាជរដ្ឋាភិបាលកម្ពុជា និង ADB រួមគ្នាគិតគូរពីផែនការអភិវឌ្ឍទីក្រុង ដើម្បីជាកម្លាំងចលចរទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែង


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានរៀបចំវេទិកា ស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Forum on Urban Infrastructure Development) នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី ហ្វ.ក្លេអូ កាវ៉ាវ៉ាគី (F.Cleo Kawawaki) អគ្គនាយករង ADB ទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ ដោយមានការចូល រួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, វិស័យឯកជន ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត បានន្លែងថា វេទិកានេះពិតជា មានសារៈសំខាន់ណាស់ ក្នុងការផ្តល់ជាធាតុចូល ដល់កិច្ចអភិវឌ្ឍកម្ពុជា ហើយក្របខ័ណ្ឌយុទ្ធសាស្ត្រភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា ២០១៩-២០២៣ (CPS) រវាង ADB និងកម្ពុជា ដែលទើបត្រូវបានអនុម័តថ្មីៗនេះ ក៏នឹងផ្តោតទៅលើការងារ «ការកសាងទីក្រុងគួរឱ្យចង់រស់នៅ» (Building livable cities) ដែលស្របគ្នាទៅនឹងគោលដៅជាយុទ្ធសាស្រ្ត ក្នុងការពង្រឹងការរៀបចំដែនដី និងនគររូបនីយកម្ម ដែលជាវិស័យអាទិភាពមួយ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តមបានបន្តថា ក្របខ័ណ្ឌភាពជាដៃគូថ្មីនេះ នឹងចូលរួមចំណែកជួយកម្ពុជា ឱ្យអាចសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍទីក្រុង ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ហើយនឹងក្លាយជាកម្លាំងចលចរ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច នៅក្នុងរយៈពេលវែង។ ដូច្នេះការគិតគូរជាយុទ្ធសាស្រ្ត ក្នុងការរៀបចំ និងការអភិវឌ្ឍទីក្រុង ត្រូវតែឈរលើគោលការណ៍៖ ទី១៖ ការតភ្ជាប់ និងច្រករបៀងសេដ្ឋកិច្ចទីក្រុង ដោយផ្អែកលើខ្សែសង្វាក់តម្លៃ នៃផលិតកម្ម និងសេវាកម្ម, ទី២៖ ការបង្កើតការងារ, ទី៣៖ ការធ្វើសមាហរណកម្មសង្គម និងបរិយាប័ន្ន (Social Integration and Inclusiveness), ទី៤៖ ការគ្រប់គ្រងបរិស្ថាន និងការទប់ទល់បានទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងទី៥៖ ការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ក្នុងការគ្រប់គ្រងទីក្រុង។

ឯកឧត្តម បន្តថា ជានិន្នាការនៅក្នុងរយៈពេលវែង, ការតភ្ជាប់រវាងទីក្រុងនឹងទីក្រុងនឹងក្លាយជាកម្លំាង ចលករអូសកំណើនសេដ្ឋកិច្ចដ៏សំខាន់ ហើយនៅពេលដែលប្រទេសកាន់តែរីកចម្រើនថែមទៀតនោះ គឺយើងអាចនិបាយបានថា ទីក្រុងគឺជាកម្លាំងសេដ្ឋកិច្ចជាតិ។ តាមរយៈការសិក្សាថ្មីៗនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាកំពុងប្រឈមនូវបញ្ហា ចំនួន០៤ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងគឺ៖

១៖ បញ្ហាធនធានមនុស្ស និងសមត្ថភាពស្ថាប័ន ដែលនៅមិនទាន់អាចឆ្លើយតបនឹងទៅនឹងកំណើនដ៏ឆាប់រហ័សនៃការអភិវឌ្ឍទីក្រុង។
២៖ ការខ្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងតម្រូវការធនធានវិនិយោគដ៏ធំធេង ខណៈដែលប្រភពចំណូលនៅមូលដ្ឋានមានភាពតិចតួចនៅឡើយ។
៣៖ ការកើនឡើងនៃការតាំងទីលំនៅថ្មីនៅក្នុងទីក្រុងយ៉ាងគំហុក អាចនឹងបង្កឱ្យមានបញ្ហាវិសមភាពផងដែរ ទាំងនៅក្នុងទីក្រុង និងទាំងរវាងទីក្រុង និងទីជនបទ
៤៖ បញ្ហាភាពធន់របស់ហេដ្ឋារចនាសម្ព័ន្ធក្រុងនឹងទៅគ្រោះមហន្តរាយផ្សេងៗ ដូចជាការជន់លិចទឹកក្នុងក្រុងជាដើម។

ឯកឧត្តមបានបន្តទៀតថា «ការកសាងទីក្រុងគួរចង់រស់នៅ» ជានិន្នាការមួយដែលបាន និងកំពុងរៀបចំ ហើយមានការអនុវត្តពាសពេញពិភពលោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលមានភាពធន់ និងប្រកបដោយចីរភាព។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «ដើម្បីអាចសម្រេចបាននូវការកសាងទីក្រុងដែលចង់រស់នៅ ប្រកបដោយជោគជ័យ យើងចាំបាច់ត្រូវមានការផ្លាស់ប្តូរផ្នត់គំនិតរបៀបចាស់ ទាំងប្រជាពលរដ្ឋទូទៅ និងទាំងអ្នកដឹកនាំ ក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយសម្របខ្លួនទៅនឹងបម្រែបម្រួលថ្មី ដើម្បីធ្វើឱ្យការរស់នៅកាន់តែប្រសើរឡើង។ យើងត្រូវចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតនេះ ទាំងតាមរយៈការអប់រំនៅក្នុងថ្នាក់រៀន និងនៅក្នុងគ្រួសារ ក៏ដូចជាតាមរយៈការផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមផងដែរ ដើម្បីសម្លឹងមើលការរស់នៅរបស់យើងនៅក្នុងរយៈពេលពី ១០ ទៅ ២០ ឆ្នាំខាងមុខ នៅក្នុងបរិការណ៍នៃនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ, ការលេចឡើងនូវប្រភពកំណើនថ្មី និងបញ្ហាជំនាញ និងការងារជាដើម។ល។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានគូសរំលេចនូវមូលដ្ឋានជាយុទ្ធសាស្ត្រចំនួន ០៣ សម្រាប់ត្រីវិស័យបង្ហាញផ្លូវពាក់ព័ន្ធក្នុងការអភិវឌ្ឍទីក្រុង ដែលរួមមាន៖

ទី១៖ ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ, អគ្គិសនី, ទឹកស្អាត, ប្រព័ន្ធបណ្តាញឌីជីថល, និងការគ្រប់គ្រងកាកសំណល់រឹង និងទឹកកខ្វក់ជាដើម។ល។
ទី២៖ ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ ក្នុងគោលដៅគ្រប់គ្រង, ប្រតិបត្តិការ និងថែទាំ សមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ
ទី៣៖ ការរៀបចំយន្តការប្រមូលចំណូល (cost recovery) ប្រកបដោយសមធម៌និងនិរន្តរភាព សម្រាប់ទូទាត់លើចំណាយវិនិយោគ។

ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកំពុងគិគូរ រៀបចំយន្តការហិញ្ញប្បទាន វិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយរួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធទីក្រុងផងដែរ ដើម្បីធានាដល់និរន្តភាព នៃប្រភពហិរញ្ញប្បទានផង ហើយធានាបាននូវយុត្តិធម៌សង្គមផង។ ជាទស្សនទានរួម នៃការអភិវឌ្ឍទីក្រុង គឺទីក្រុងត្រូវតែរ៉ាប់រង ការចំណាយអភិវឌ្ឍន៍នេះដោយខ្លួនឯង ហើយយើងមិនចង់ឃើញប្រជាពលរដ្ឋ នៅទីជនបទត្រូវរែកពន់នូវអំរែក នៃការចំណាយនេះដែរឡើយ។ ក្នុងន័យនេះ ទីក្រុងគួរខិតខំធ្វើស្វ័យហិរញ្ញប្បទានដោយខ្លួនឯង តាមរយៈការស្វែងរកប្រភពចំណូលពីការគ្រប់គ្រង និងការអភិវឌ្ឍទីផ្សារដីធ្លីនៅក្នុងតំបន់របស់ខ្លួន, ការយកពន្ធនៅតាមមូលដ្ឋាន ពិសេសពន្ធលើអចលនទ្រព្យ និងការបង់ថ្លៃពីអ្នកប្រើប្រាស់ ព្រមទាំងការផ្ទេរធនធានពីថ្នាក់ជាតិ ក្នុងករណីចាំបាច់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានស្នើដល់ ADB ឱ្យពន្លាតការចូលរួម នៅក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួន ឱ្យបានទៅដល់ទីក្រុងផ្សេងៗទៀត ដោយពុំគួរផ្តោតតែទៅលើទីក្រុងធំៗ ឬទីក្រុងថ្នាក់ទី១ (Metropolitan or First Tier City) ទេ ពោលគឺត្រូវផ្តោតទៅលើទីក្រុងថ្នាក់ទី២ (Second Tier City) និង ថ្នាក់ទី៣ (Third Tier City) ផងដែរ។ ការធ្វើដូចនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយអត្រា តាំងទីលំនៅថ្មី នៅក្នុងទីក្រុងភ្នំពេញ ហើយបង្វែរទិសដៅឱ្យទៅកាន់តំបន់ ឬទីក្រុងផ្សេងៗទៀត តាមរយៈយុទ្ធសាស្ត្របង្កើតការងារ និងការបង្កើតលំនៅឋានគួរឱ្យចង់រស់នៅ។

គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិ ការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទាន គម្រោងអភិវឌ្ឍន៍នានា មានទឹកប្រាក់សរុបចំនួនប្រមាណ ៣,៣៦៤ លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសម្បទានចំនួនប្រមាណ ២,៨៦៦លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៤៩៨ លានដុល្លារអាមេរិក។ បច្ចុប្បន្នគម្រោងហិរញ្ញប្បទានដោយ ADB លើការអភិវឌ្ឍក្រុង មានគម្រោងចំនួន ១១ កំពុងដំណើរការ និងមានទឹកប្រាក់សរុបចំនួនប្រមាណ ៤៨៥ លានដុល្លារអាមេរិក៕