អភិបាលខេត្តកណ្ដាល៖ កត្តាសន្តិភាពពេញ បានផ្ដល់ឱកាសក្នុងការអភិវឌ្ឍលើគ្រប់វិស័យ


(កណ្ដាល)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានលើកឡើងថា កត្តាសន្តិភាពពេញលេញទូទាំងប្រទេស គឺជាឱកាសល្អ ក្នុងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ បើប្រទេសគ្មានសន្តិភាព ក៏គ្មានទេការអភិវឌ្ឍ ហើយផ្លូវបេតុង និងសមិទ្ធផលផ្សេងៗទៀត ក៍នឹងត្រូវបាត់បង់ផងដែរ។

ការលើកឡើងបែបនេះ របស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានធ្វើឡើងនៅវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី១ អាណត្តិទី៣ នៅក្រុងតាខ្មៅ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមសុំជួសជុលផ្លូវបេតុងក្នុងភូមិ ខណៈមានការខូចខាតជាច្រើនខ្សែរ ពិបាកធ្វើដំណើរ។

ឯកឧត្តម ម៉ៅ ភិរុណ បានឆ្លើយតបថា បញ្ហាផ្លូវបេតុង គឺរដ្ឋបាលខេត្តបានធ្វើការយកចិត្តទុកដាក់ខ្លាំងណាស់ ហើយនៅប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តបានវិភាគថវិកា គុណប្រយោជន៍ជាច្រើន ក្នុងការសាងសង់ផ្លូវបេតុង នៅតាមក្រុង-ស្រុកទាំង១១ របស់ខេត្ត ហើយនៅឆ្នាំ២០២០ ខាងមុខនេះ រដ្ឋបាលខេត្តបានធ្វើការវិភាគថវិកា គុណប្រយោជន៍ខេត្ត សម្រាប់អភិវឌ្ឍនៅមូលដ្ឋានពិសេសការសាងសង់ផ្លូវបេតុង ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ហើយក្រុងតាខ្មៅនឹងទទួលបានផ្លូវបេតុង គ្រប់សង្កាត់ទាំង១០ ក្នុងក្រុងតាខ្មៅ។

ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា ផ្លូវ គឺជាយុទ្ធសាស្ត្រចម្បងមួយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងការអភិវឌ្ឍនប្រទេស ឱមានការរីកចម្រើន ហើយរាល់សំពូមពរទាំងអស់ ដែលប្រជាពលរដ្ឋបានលើកឡើង លោកក៏បានទទួលយកទៅពិនិត្យ ពិភាក្សា និងរកវិធីដោះស្រាយជាបន្តបន្ទាប់៕