ឯកឧត្តម ជាម ហ៊ីម និង ឯកឧត្ដម គួច ចំរើន ព្រមទាំងមន្ត្រីរាជការខេត្តព្រះសីហនុ រៀបចំពិធីបញ្ចុះថ្មព្រះភូមិ ពិធីមង្គលសេ្តចរាជសីហ៍ប្រចាំក្រុងព្រះសីហនុ


ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីបញ្ចុះថ្មព្រះភូមិ មង្គលសេ្តចរាជសីហ៍ប្រចាំក្រុងព្រះសីហនុ នៅរង្វង់មូលតោពីរ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋក្រុងព្រះសីហនុ និងបាននិមន្តព្រះសង្ឃចំនួ ៩៩អង្គផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ថា ខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមជា “តារារះនាទិសនិរតី” ជាមួយនឹងសន្ទុះ នៃការអភិវឌ្ឍដ៏ខ្លាំងក្លា និងប្រកបដោយចីរភាព ពិសេសការវិនិយោគលើវិស័យអចលន: ទ្រព្យ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្នាក់នៅ សណ្ឋាគារ មណ្ឌលកម្សាន្ត ។ ល។ ការកែលម្អ និងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា និងការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យក្លាយទៅជាច្រកចេញ-ចូលអន្តរជាតិ ដ៏ទំនើបផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងពិភពលោក ឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកថវិកាជាតិចំនួន ១០០លានដុល្លារអាម៉េរិក ពីថវិកាសន្សំរបស់ជាតិ និងគោលការណ៍ស្លឹកត្នោត ខ្ចប់ស្ករត្នោត ក្នុងការស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ មានប្រវែង ៨៤.៥០៥ម៉ែត្រ ដែល  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះ ។

ឯកឧត្តម គួច ចំរើន បន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយក្តីកត្តញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជំនាន់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់      វណ្ណៈ នៃខេត្តព្រះសីហនុ ដែលបានចូលរួមចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានក្នុងការស្តារ និងកសាងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ចាប់ពីការកកើតរហូតដល់មានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន ។

សូមបួងសួងដល់គុណបុណ្យបារមី វត្ថុស័ក្តិសិទ្ធិក្នុងខេត្តព្រះសីហនុ បារមីជំទាវម៉ៅ ជាពិសេសឫទ្ធីបារមី នៃសេ្តចរាជសីហ៍ប្រចាំក្រុងព្រះសីហនុ សូមជួយប្រោះព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរជូនដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ ពាណិជ្ជករ ប្រតិ បត្តិករ វិនិយោគិនគ្រប់ជាតិសាសន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅទូទាំងខេត្តព្រះសីហនុ សូមទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន សិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ  ៕