ឯកឧត្តម ឈួរ ច័ន្ទឌឿន អញ្ជើញចុះពិនិត្យស្ថាន ភាពសិក្សារបស់សិស្សសាលាបឋមសិក្សា អន្លង់ អក ឃុំកំពង់អុស ស្រុកជលគិរី


កំពង់ឆ្នាំងៈ ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាខេត្ត នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញពិនិត្យមើលស្ថានភាពការងារសិក្សាអប់រំរបស់ សាលាបឋមសិក្សាអន្លង់អក ស្ថិតក្នុងភូមិអន្លង់អក ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវដននិងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថា សាលាបឋម
សិក្សាអន្លង់អក ជាសាលាស្ថិតនៅតំបន់ដាច់ស្រយ៉ាលមួយ ហើយបានចាប់ដំណើរការសិក្សាតាំងពីឆ្នាំ២០០៩មកម្លេះ មុនដំបូងបើកកម្រិតថ្នាក់ទី១ ហើយនៅពេលបច្ចុប្បន្ននេះសាលាបឋមសិក្សាអន្លង់អកមានចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ដែលមានសិស្សសរុបចំនួន៦៤នាក់ មានគ្រូបង្រៀនចំនួន៣នាក់ផងដែរ ។ ចាប់តាំងពីដំណើរការសិក្សារហូតមក គឺពុំមានសាលារៀនត្រឹមត្រូវនោះទេ នាខែប្រាំងសិស្សត្រូវរៀននៅក្រោមសាលាបុណ្យភូមិ ដែលមានសភាពចង្អៀតណែន ។ នៅពេលរដូវ
វស្សា សិស្សទៅរៀននៅសាលាមួយកន្លែងទៀត ដែលមានត្រឹមតែគ្រោងសសរ ដំបូល និងក្រាលក្តារ ដែលបានជួយដោយអង្គការដៃគូ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការបំពេញភារកិច្ចជាគ្រូមកបង្រៀនសិស្សនៅសាលាតំបន់ដាច់ស្រយ៉ាល ជួបការលំបាក ទាំងការស្នាក់នៅ និង ការហូបចុកគ្រប់បែបយ៉ាង ។

ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថាៈ ការចុះមកសាលាបឋមសិក្សាអន្លង់អកនាពេលនេះ គឺដើម្បីពិនិត្យអំពីស្ថានភាពជាក់ស្តែង អំពីការលំបាករបស់សិស្ស និង គ្រូ ដែលពុំមានសាលាគ្រប់គ្រាន់ក្នុងការបង្រៀន និង រៀន ដែលរដ្ឋបាលខេត្ត និង មន្ទីរអប់រំនឹងរកវិធីដើម្បីដោះស្រាយការលំបាកចំពោះមុខជាបណ្តោះអាសន្នសិន ហើយនិងអំពាវនាវស្វែងរកសប្បុរសជន និងអង្គការដៃគូរនានា ដើម្បីផ្តល់ការគាំទ្រ ក្នុងការសាងសង់សាលារៀនមួយនេះអោយបានប្រសើរឡើង និង ងាយស្រួល ដល់ការបង្រៀននិងរៀន ។ ព្រោះថាយើងមិនអាចទុកសាលារៀនស្ថិតនៅក្នុងស្ថានភាពបែបនេះទេ ត្រូវតែពុះពារដោះស្រាយការលំបាកនេះអោយបាន។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានចែកថវិកាដល់លោកគ្រូ សិស្សានុសិស្ស និង អាជ្ញាធរមូលដ្ឋានផងដែរ ។