បណ្ឌិត​សភាចារ្យ​ ហង់​ជួន ណារ៉ុន៖ មាន​ធនធាន​មនុស្ស មាន​ការ​អភិវឌ្ឍ និង​សន្តិភាព ប្រទេស​ជាតិ​ជោគជ័យ


ខេត្ត​ពោធិ៍សាត់៖ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​​ជា​អធិបតីភាព​ក្នុង​កម្មវិធី​សំណេះ​សំណាល ថ្លែង​អំណរ​គុណ ព្រមទាំង​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​បុគ្គលិក​​អប់រំ​ឆ្នើម។​

​​ទន្ទឹម​នឹង​នេះ​ផង​ដែរ ឯកឧត្ដម​ក៏​បាន​​ជូន​ទង់​ជ័យ​លាភី​ ព្រមទាំង​ប័ណ្ណ​សរសើរ​ដល់​អង្គភាព​ដែល​មាន​ស្នាដៃ​ល្អ និង​ជូន​លិខិត​ថ្លែង​អំណរ​គុណ​ជូន​ដល់​គរុ​សិស្ស ដែល​ចូលរួម​ធ្វើ​ជា​ជំនួយ​ការ​អប្បមាទ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នា​ពេល​កន្លង​មក។ ឯកឧត្ដម​បាន​លើក​ទឹក​ចិត្ត​ឱ្យ​បុគ្គលិក​អប់រំ បន្ត​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង ដើម្បី​បណ្ដុះ​ធនធាន​មនុស្ស​ជា​បន្ត​ទៀត។​

សូម​ជម្រាប​ថា ក្នុង​ពិធី​បុគ្គលិក​ដែល​ទទួល​បាន​គ្រឿង​ឥស្សរិយយស ​ចំនួន ៣៧៧​នាក់ ក្នុង​នោះ​ស្រី ១០៨​នាក់ ទង់​ជ័យ​លាភី​ចំនួន​៩ ប័ណ្ណ​សរសើរ​​ចំនួន​៨​ជូន​ដល់​អង្គភាព​ដែល​មាន​ស្នា​ដៃ ប័ណ្ណ​សរសើរ​ចូល​និវត្តន៍​ចំនួន​៣៣នាក់ ក្នុង​នោះ​ស្រី​២០នាក់ និង​លិខិត​ថ្លែង​អំណរ​គុណ​ជូន​គរុសិស្ស​ចំនួន ៤៩​នាក់ ក្នុង​នោះ​ស្រី ៣៦​នាក់៕

១១ ធ្នូ ២០១៩ | ខេត្ត​ពោធិ៍សាត់