កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣


នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៩នេះ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ ក្រុម ប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្នុងនោះដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង ៦ របស់សាលាខេត្តផងដែរ ។

បន្ទាប់ពីពិនិត្យកូរ៉ុមរបស់សមាជិកក្រុមប្រឹក្សាចូលរួម អង្គប្រជុំបានពិនិត្យ ពិភាក្សា និងធ្វើអនុម័តទៅលើកំណត់ហេតុនៃកិច្ច ប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សា អាណត្តិទី៣ និង របាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត កិច្ចការពាក់ព័ន្ធ ផ្សេងៗផងដែរ ។
សមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើង ដោយផ្តោតទៅលើចំណុចមួយចំនួន អំពីការដាក់ឈ្មោះផ្លូវឲ្យបានច្បាស់លាស់ ,ការធ្វើបណ្ណ័ក្រីក្រជូនប្រជាពលរដ្ឋ និង ប័ណ្ណបេឡាជាតិ (សមាជិក ប.ស.ស) , ការត្រៀមលក្ខណៈបង្កាការខ្វះខាតទឹកនៅរដូវប្រាំង និង បញ្ហាធារាស្ត្រ , ការងាររៀបចំប្លង់គោលក្នុងក្រុងសៀមរាប , បញ្ហាចរាចរណ៍ ,បញ្ហាបរិស្ថានទៅតាមបណ្តាស្រុក និងការអនុវត្ត(ផ.អ៣) ព្រមទាំងបញ្ហាគ្រឿងញៀន ដែលប្រជាពលរដ្ឋមិនបានលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមគោលដៅដែលបានធ្វើកន្លងមក ។

ក្នុងនោះដែរលោក ពៅ ពិសិដ្ឋ ក៏បានធ្វើការអនុញ្ញាតដល់បណ្តាមន្ទីរ ជំនាញពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺ នូវគ្រប់រាល់បញ្ហា ដែលសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើ ទី៧នេះ ឲ្យអស់ចម្ងល់ផងដែរ ។ លោក ពៅ ពិសិដ្ឋ ក៏បានធ្វើការបំភ្លឺផងដែរ ដល់សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ក៏ដូចជាការក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ មានការពាក់ព័ន្ធ និង អាជ្ញាធរក្រុងផងដែរ ហើយលោក បានគូសបញ្ជាក់ថា នៅពេលខាងមុខនេះ ថ្នាក់ជាតិ និងធ្វើប្រតិភូកម្ម ទៅដល់ថ្នាក់ក្រោមជាតិ ថ្នាក់ក្រុង ស្រុក ដើមី្បធ្វើការគ្រប់គ្រងគ្រប់ស្ថាប័នជំនាញ ដោយមិនទុកដូចមុនឡើយ ។

បន្ទាប់ពីអង្គប្រជុំធ្វើការពិនិត្យ ពិភាក្សា ព្រមទាំងបានផ្តល់យោបល់បកស្រាយបំភ្លឺរួចមក មានប្រសាសន៍បូកសរុបនោះដែរ ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់នៅ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៧នេះ ដើម្បីជម្រុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅឆ្ពោះទៅរកមូលដ្ឋានបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត និង កែលម្អភាពអសកម្មនានា និង ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កំណែទម្រង់វិមជ្ឈការ និង វិសហ មជ្ឈការ គឺ ជាកាលានុវត្តិភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំង នូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អ រួមមាន គណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួមការលើកស្ទួយសមធម៌ ការឆ្លើយតប និងប្រសិទ្ធភាព ។ ឯកឧត្តមក៏សូមមន្ទីរ អង្គភាពពាក់ព័ន្ធ គឺត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ទាំងមធ្យោបាយ សម្ភារៈ ក្នុងការចុះជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជួបការ ខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំងនេះ ។ ម៉្យាងទៀតយើងចាំបាច់ត្រូវធ្វើការពង្រីងនូវ ហេដ្ឋារចនាផ្លូវថ្នល់ ស្ពាន លូ ដើមី្បបម្រើនូវតម្រូវការចាំបាច់របស់បងប្អូន ទាំងនៅក្នុងក្រុង និង ស្រុក ។

ក្នុងនោះឯកឧត្តមបានធ្វើការសង្កត់ធ្ងន់ ចំពោះបណ្តាមន្ទីរ អង្គភាព ការផ្តល់របាយការណ៍មិនបានទាន់ពេលដល់រដ្ឋបាលខេត្ត សូមឲ្យធ្វើការកែប្រែជាបន្ទាន់ ត្រូវគោរពឲ្យបាននូវការកំណត់របស់រដ្ឋបាលខេត្ត អំពីការផ្តល់របាយការណ៍ ខែ ត្រីមាស ឆមាស និង ឆ្នាំឲ្យបានទៀងទាត់ ដើមី្បត្រៀមលក្ខណៈក្នុងការធ្វើសន្និបាតបូកសរុបរបស់ខេត្ត នៅពេលខាងមុខនេះផងដែរ ។ ម៉្យាងទៀតកម្លាំងសមត្ថកិច្ច និង មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រួតពិនិត្យចំពោះអ្នកបើកបររថយន្តគ្រប់ប្រភេទ អំពីសារធាតុញៀន ច្បាប់បើកបរជាដើម និង ត្រូវបង្កើនការធ្វើសុវត្ថិភាពចរាចរណ៍នៅតាមបណ្តាសាលារៀនក្នុងក្រុង និង ស្រុក ក្នុងការកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍