លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី តាមចងកម្ម តែចាំស៊ីពែ កឹម សុខា»


(ភ្នំពេញ)៖ តើលោក កឹម សុខា ពិតជាមិនអាចគេចពីចំណងកម្មរបស់លោក សម រង្ស៊ី បានមែនឬ? ម្តងហើយម្តងទៀត លោក សម រង្ស៊ី តែងតាមចងកម្មលោក កឹម សុខា ឥតល្ហែឡើយជាពិសេសនៅពេលដែលដឹងថា លោក កឹម សុខា ប្រហែលជាអាចនឹងមានសេរីភាព, លោក សម រង្ស៊ី តែងតែចេញមុខរឹតចំណងកម្មទៅលើលោក កឹម សុខា ជាដរាប។

ជាក់ស្តែង កាលពីយប់ថ្ងៃពុធទី១១ ខែធ្នូ លោក សម រង្ស៊ី បាននិយាយតាមវិទ្យុអាស៊ីសេរីថា មានអង្គការធំៗពីររបស់អាល្លឺម៉ង់បានជួយសរសេរកម្មវិធី នយោបាយឲ្យអតីតបក្សសង្គ្រោះជាតិ។ អង្គការរទាំងពីរនោះគឺ អង្គការ Konrad Adenauer Stiftung Foundation និងអង្គការ Frederic Norman Foundation។ លោក សម រង្ស៊ី បាននិយាយអួតអាងថា ខ្លួនគាត់ក៏មានទំនាក់ទំនងជិតស្និទ្ធ និងស៊ីជម្រៅជាមួយអង្គការរបស់អាល្លឺម៉ង់ និងអង្គការរបស់សហរដ្ឋអាមេរិក NDI និង IRI ស៊ីជម្រៅជាងលោក កឹម សុខា ទៅទៀត ហើយលោក សម រង្ស៊ី ធ្វើជាជំរុញឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្តឹងលោកស្រីមែកែល នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និងលោក ត្រាំ ប្រធានាធិបតីអាមេរិកទៅតុលាការទៀតផង ពីព្រោះរដ្ឋាភិបាលទាំងពីរនេះមានជាប់ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងអតីតបក្សប្រឆាំង។ គេមិនដឹងថា ហេតុអ្វីបានជាលោក សម រង្ស៊ី ខំអូសរដ្ឋាភិបាលប្រទេសទាំងពីរមកភ្ជាប់ជាមួយសកម្មភាពខុសច្បាប់របស់ខ្លួនទេ ខណៈដែលមេដឹកនាំបរទេសពិសេសលោក ដូណាល់ ត្រាំ ទើបតែបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ខ្លួនគោរពអធិបតេយ្យភាពកម្ពុជារួចទៅហើយនោះ។

លោក សម រង្ស៊ី ធ្វើជាក្លាហានចង់ឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ប្តឹងរូបលោកពីបទក្បត់ជាតិដូចលោក កឹម សុខា ផងដែរ។ បើស្តាប់មួយភ្លែតទៅដូចជាលោក សម រង្ស៊ី កំពុងជួយឈឺឆ្អាលចំពោះលោក កឹម សុខា និងហាក់ដូចជា សម រង្ស៊ី ស្រឡាញ់ កឹម សុខា ណាស់ចង់រួមសុខរួមទុក្ខជាមួយគ្នា។ ប៉ុន្តែតាមការពិតនៅពីក្រោយរូបភាពនេះ គឺមានបង្កប់ដោយចេតនាអាក្រក់បំផុតរបស់លោក សម រង្ស៊ី ដែលចង់ដាក់បន្ទុកបន្ថែមទៅលើលោក កឹម សុខា ទៅវិញទេ។

ហេតុអ្វីបានជាខ្ញុំអាចអះអាងនិយាយបានដូច្នេះ? សូមពិចារណាហេតុផលដូចខាងក្រោម៖

ទី១៖ សំដីលោក សម រង្ស៊ី នេះជាការផ្តល់នូវភស្តុតាងបន្ថែមដល់តុលាការកម្ពុជា ដែលគ្រោងនឹងបើកសវនាការនៅពាក់កណ្តាលខែមករា ឆ្នាំ២០២០ លើករណីលោក កឹម សុខា។ ខ្ញុំនៅចាំបានថា ការចាប់ខ្លួនលោក កឹម សុខា បានធ្វើឡើងតាមរយៈសម្តីអះអាងរបស់គាត់ ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងនិងបង្វឹកពីសំណាក់គ្រូជំនាញ បរទេសអំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីផ្តួលរំលំរដ្ឋាភិបាលដោយចម្លងយកតាមចលនាបដិវត្តន៍ពណ៌នៅយូហ្គោស្លាវីនិងស៊ែរប៊ី។ ឥឡូវនេះ សម រង្ស៊ី កំពុងប្រាប់តុលាការកម្ពុជា ឲ្យដឹងថា នៅមានភស្តុតាងជាច្រើនទៀត ដែលអាចដាក់បន្ទុកបន្ថែមលើលោក កឹម សុខា ពាក់ព័ន្ធនឹងបទក្បត់ជាតិដោយឃុបឃិតជាមួយបរទេស ហើយជាពិសេស សម រង្ស៊ី ចង់បង្ហាញថា បក្សសង្គ្រោះជាតិដែលមាន កឹម សុខា ជាប្រធានបានឃុបឃិតជាមួយបរទេសជាច្រើនទៀតដែលកន្លងទៅគេមិនបានលើកមកនិយាយ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី លើកមកនិយាយជាសាធារណៈនៅពេលនេះក្នុងគោលបំណងបន្ថែមបន្ទុកលើ កឹម សុខា។

ទី២៖ សម រង្ស៊ី ចង់បញ្ឈឺចិត្ត កឹម សុខា៖ សម រង្ស៊ី ដឹងថា ខ្លួននៅក្រៅប្រទេស និងមិនហ៊ានចូលមកឲ្យអាជ្ញាធរកម្ពុជាចាប់ខ្លួនទេ ! ដូច្នេះ គាត់ក៏តាំងខ្លួនជាអ្នកក្លាហានដោយធ្វើជានិយាយផ្គើនឲ្យតុលាការកម្ពុជាចោទគាត់ ពីបទក្បត់ជាតិដូច កឹម សុខា ដែរដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួនដែល មិនបានពិចារណាវែងឆ្ងាយយល់ច្រឡំថា សម រង្ស៊ី ពិតជាក្លាហានមែន។ ប៉ុន្តែតាមពិត សម្តីរបស់ សម រង្ស៊ីយប់មិញនេះប្រៀបដូចជាយកចុងកាំបិទដ៌មុតស្រួចចាក់ ចំបេះដូងកឹម សុខា។ បើនិយាយឲ្យចំគឺ សម រង្ស៊ី ចង់បញ្ឈឺចិត្ត កឹម សុខា ទាំងភ្នែកស្រស់តែម្តងពីព្រោះម្តងហើយម្តងទៀត គេតែងលឺលោក សម រង្ស៊ី និយាយថា គាត់មិនល្ងង់ឲ្យគេចាប់ដាក់គុកដូចកឹម សុខា ឡើយ។ ប៉ុន្តែពេលនេះ សម រង្ស៊ី បែរជានិយាយឌឺចង់ឲ្យតុលាការកម្ពុជា ចោទគាត់ដែរពីបទក្បត់ជាតិដូច កឹម សុខា ទៅវិញ។

ទី៣៖ សម រង្ស៊ី ក៏ចង់បង្ហាញថា បក្សសង្គ្រោះជាតិដែលមាន កឹម សុខា ជាប្រធាននោះ សមនឹងត្រូវតុលាការរំលាយចោលមែន ហើយពីព្រោះនេះជាគណបក្សដែលកើតឡើង តាមគំនិតរបស់បរទេស និងក្រោមខ្សែញាក់របស់បរទេសទាំងស្រុង ព្រោះសូម្បីតែកម្មវិធីនយោបាយរបស់គណបក្សក៏បរទេសជាអ្នកសរសេរឲ្យដែរ។ ត្រង់ចំណុចនេះ សម រង្ស៊ី ចង់បង្ហាញឲ្យឃើញថា កឹម សុខា ជាមេបក្សដែលគ្មានសមត្ថភាពពោលគឺគណបក្សសង្គ្រោះជាតិក្រោមការដឹកនាំរបស់ កឹម សុខា គ្មានចេះធ្វើអ្វីទាល់តែសោះក្រៅតែពីពឹងលើបរទេសទាំងស្រុង។

គួរកត់សម្គាល់ថា ចាប់តាំងពី កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ មក សម រង្ស៊ី តែងតែរិះរកមធ្យោបាយដើម្បីរារាំងការដោះលែង កឹម សុខា ជាដរាប។ ជាក់ស្តែង សម រង្ស៊ី ធ្លាប់បានប្រកាសយកសេរីភាព កឹម សុខា មកភ្នាល់ជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយដាក់លក្ខខ័ណ្ឌឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីអំណាច ប្រសិនបើលោក កឹម សុខា មិនត្រូវបានដោះលែងឲ្យមានសេរីភាពទេ។ ការប្រកាសភ្នាល់បែបនេះបន្ទាប់ពីមានដំណឹងខ្សឹបខ្សៀវថា លោក កឹម សុខា អាចត្រូវគេដោះលែងកាលកំឡុងខែមីនាកន្លងទៅ។

ក្រោយមកទៀតលោក សម រង្ស៊ី និយាយថា ការដោះលែងលោក កឹម សុខា តែម្នាក់គ្មានន័យទេ បើមិនឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញ។

សម រង្ស៊ី ក៏ធ្លាប់និយាយជាញឹកញាប់ថា បើរដ្ឋាភិបាលក្រុងភ្នំពេញកាត់ទោស កឹម សុខា រួចហើយស្នើសុំឲ្យព្រះមហាក្សត្រលើកលែងទោស គឺជាឆាកល្ខោនមួយតែប៉ុណ្ណោះ។ ឥឡូវនេះពេលដឹងថា សំណុំរឿងក្តី កឹម សុខា បានឈានដល់ការបើកសវនាការក្នុងពេលឆាប់ៗ និងដោយក្តីបារម្ភខ្លាចក្រែង កឹម សុខា ត្រូវមានសេរីភាពធ្វើនយោបាយឡើងវិញ សម រង្ស៊ី ក៏ស្រាប់តែចេញមកបង្ហាញភស្តុតាងថ្មីៗទៀតដើម្បីដាក់បន្ទុកលើ កឹម សុខា បន្ថែមទៀតនៅពេលដែលក្រុមមេធាវីការពារក្តីកំពុង រកមធ្យោបាយនិងហេតុផលដើម្បីដោះបន្ទុកលោក កឹម សុខា។

តើទាំងអស់នេះមិនមែនជាឧបាយកលរបស់ សម រង្ស៊ី ដើម្បីរារាំង កឹម សុខា មិនឲ្យរួចខ្លួនដោយបន្តជាប់គុកទៀតទេឬ ?

ហេតុផលទាំងឡាយដូចបានលើកឡើងខាងដើម គឺជាទឡ្ហីករណ៍គ្រប់គ្រាន់ដែលបង្ហាញថា សម រង្ស៊ី នៅតែតាមចងកម្មជាមួយ កឹម សុខា ដល់ទីបញ្ចប់មិនព្រមលែងឡើយ។ នៅម្ខាងតាមចងកម្ម តែនៅម្ខាងទៀត សម រង្ស៊ី នៅតាមស៊ីពែ កឹម សុខា រហូតមិនព្រមដកថយដែរតាមរយៈការទន្ទិញពាក្យដដែលៗថា «កឹម សុខា – សម រង្ស៊ី ជាមនុស្សតែមួយ» ដើម្បីបោកប្រាស់អ្នកគាំទ្រ។

ប៉ុន្តែនៅលើសមរភូមិជាក់ស្តែងក្នុងអតីតបក្សប្រឆាំងវីញ សម រង្ស៊ី និង កឹម សុខា មានតែម្នាក់ ពោលគឺមានតែមនុស្សម្នាក់ទេ ដែលត្រូវដឹកនាំអតីតបក្សសង្គ្រោះជាតិគឺ កឹម សុខា។ ដោយហេតុដូច្នេះហើយ សំរាប់ សម រង្ស៊ី មានតែបន្តទុក កឹម សុខា ឲ្យនៅក្នុងគុកទេទើប សម រង្ស៊ី មានលេសបន្តតាំងខ្លួនជាប្រធានស្តីទីបានតទៅទៀត។ ផ្ទុយទៅវីញ បើ កឹម សុខា មានសេរីភាពធ្វើនយោបាយឡើងវិញ គឺជីវិតនយោបាយរបស់ សម រង្ស៊ី ក៏ត្រូវបញ្ចប់ដែរ។ នេះគឺជាហតុផលពិតប្រាកដដែល សម រង្ស៊ី ត្រូវតាមចងកម្ម តែចាំស៊ីពែ កឹម សុខា៕

ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាល័យកំពង់ចាម