ផ្ទាំងសូឡា ៥០០គ្រឿង និងពិល ៥០០ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារកងទ័ពតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ចំនួន ៥០០គ្រួសារ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង


ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ចុះពិនិត្យស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកផ្ទាំងសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន ៥០០គ្រឿង និងពិលចំនួន ៥០០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារនគរបាលព្រំដែនគោក និងកងទ័ពឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ចំនួន ៥០០គ្រួសារ គោលដៅទី ១ ចំណុចស្រែចំប៉ា និងចំណុចស្វាយធំ ចំនួន ២០០គ្រួសារ និងគោលដៅទី២ ចំណុចអូរគក់បង្គោល ៧៧-៧៨ ចំនួន ៣០០គ្រួសារ ក្នុងនោះ ជូនវរៈសេនាតូចនគរបាលព្រំដែនគោល ៧០១ ចំនួន ១២៤គ្រួសារ, យោធាភូមិភាគ១ តំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ២២៥គ្រួសារ និងយោធាភូមិភាគ១ កងពលតូចអន្តរាគមន៍លេខ ១២៨ ចំនួន ១៥១គ្រួសារ និង ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកមាស ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកផ្ទាំងសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ នាថ្ងៃនេះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់
កងកម្លាំងដែលឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ គ្រប់ពេលវេលា។

មិនត្រឹមតែប៉ុណ្ណោះដើម្បីឲ្យជីវភាពបងប្អូនកងទ័ពកាន់តែមានភាពល្អប្រសើរឡើង ឯកឧត្តមបានណែនាំឲ្យបងប្អូនកងទ័ពត្រូវដាំដំណាំកសិផលផ្សេងៗ ព្រមទាំងចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការចំណាយថវិកាលើសម្ភារៈដែលយើងអាចកែច្នៃនិងប្រើប្រាស់បានដោយខ្លួនឯង។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ស្របតាមការវិវត្តន៍រីកចំរើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានគិតគូរយកចិត្តទុកដាក់លើគ្រប់វិស័យ ជាក់ស្តែងថ្ងៃនេះ កងកម្លាំងយើងបានទទួលផ្ទាំងសូឡាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅគ្រប់លំនៅដ្ឋានទាំងអស់។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត បានចុះពិនិត្យវឌ្ឍនភាពការស្ថាបនាស្ពានឆ្លងទន្លេកុងទីពីរ (ចំណុចកោះទន្សាយ) ដែលកំពុងស្ថាបនា ស្ថិតក្នុង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលសាងសង់ដោយកំលាំងកងវិស្វកម្ម នៃក្រសួងការពារជាតិ៕