ផ្លូវ​ល្បឿន​លឿន​នឹង​ជួយ​ពង្រឹងសមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា


ភ្នំពេញៈ​ការសាងសង់​ប​ណ្តា​ញ​ផ្លូវ​ល្បឿន​លឿន (Express way) នឹង​ជួយ​ពង្រឹងសមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា​។​នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១២​ខែធ្នូ​នេះ​។​

​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​បានសរសេរថា​ ការសាងសង់ “ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​” គឺ​កំពុងដំណើរការ​យ៉ោ​ង​សកម្ម ដែល​មកទល់​ខែធ្នូ ២០១៩ នេះ​គឺ​សម្រេចបាន​ជាង ៧​ភាគរយហើយ ដែល​គ្រោង​សាងសង់​ឲ្យ​រួច​ជា​ស្ថាពរ​នៅ​ឆ្នាំ ២០២២ មុន​ប្រារព្ធ​បើក​កីឡា​ស៊ី​ហ្គេម (Sea Games)​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣​។​

​សម្តេច​តេ​ជោ​បន្តថា ​ការសាងសង់​បណ្តាញ​ផ្លូវ​ល្បឿន​លឿន (Express way)​នេះ​គឺ​នឹង​ជួយ​ពង្រឹងសមត្ថភាពបណ្តាញ​ផ្លូវ​នៅ​កម្ពុជា​ ព្រោះ​ផ្លូវ​ល្បឿន​លឿន​អាច​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​បានល្អ​ លឿន​ រហ័ស​ទាន់ពេល​និង​ចំណេញ​ពេលវេលា​ដឹកជញ្ជូន​ជាង​ផ្លូវ​ធម្មតា ដែលជា​មូលដ្ឋាន​ដ៏​សំខាន់បំផុត​សម្រាប់​បម្រើឲ្យ​វិស័យ​ឧស្សាហកម្ម​ទំនើបៗ និង​សកម្មភាព​ដឹកជញ្ជូន​ធុន​ធ្ងន់​ក្នុង​កម្រិត​អន្តរជាតិ​ផងដែរ​។​

​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា (Expressway) គឺ​ស្របទៅនឹង​សមាហរណកម្ម​ក្នុង​តំបន់​ទាំង​ក្នុង​អាស៊ាន និង​មហា​អនុតំបន់​ទន្លេមេគង្គ​និង​ពិភពលោក​ទាំងមូល​ដែល​នឹង​ជួយ​ត​ភា្ជ​ប់​បណ្តាញ​ដឹកជញ្ជូន​ក្នុង​តំបន់​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត​និង​ជាការ​លើកកម្ពស់​សមត្ថ​ភាព​ដឹកជញ្ជូន​កម្ពុជា​ឲ្យ​សមស្រប​ទៅតាម​ការអភិវឌ្ឍ​បែប​សាកលភាវូបនីយកម្ម ព្រមទាំង​ជួយ​បង្កើន​នូវ​តុល្យភាព​នៃ​ការអភិវឌ្ឍ​ដែនដី ដោយ​ផ្សារភ្ជាប់​រាជធានី​ភ្នំពេញ​ជាមួយនឹង​ទី​រួម​ខេត្ត​នានា និង​ជា​មាគ៌ា​ដ៏​សំខាន់​ឆ្ពោះទៅកាន់​ពិភពលោក​ទៀតផង​។​

​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​កាន់តែ​រីកចម្រើន​លឿន​ទៅមុខ​ដែល​ផ្តល់នូវ​ផលប្រយោជន៍​កាន់តែច្រើន​ឡើងដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​៕​