ស្នងការ​ខេត្ដកណ្ដាល​ ស្នើរ​ឲ្យ​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំងអស់​ ត្រូវ​សហការ​ជាមួយ​មេឃុំ​ដើម្បី​ការពារ​ រក្សា​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​


កណ្ដាល​៖​ ដើម្បី​ការពារ​ ថែរក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ ជា​ពិសេស​ការ​ទប់ស្កាត់​ ក្នុង​ការ​បង្កា​ បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព​ លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ ស្នើរ​ឲ្យ​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ក្នុងស្រុក​មុខកំពូល​ ក៏​ដូច​ជា​នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ទូ​ទាំង​ខេត្ដកណ្ដាល​ ត្រូវ​ ធ្វើការ​សហការ​ និង​ធ្វើ​អ្វីមួយ​ឲ្យ​បាន​ល្អជា​មួយ​មេឃុំ​ ព្រោះ​មេឃុំ​ជា​គណៈ​បញ្ជាការ​ឯកភាព​ឃុំ​ មាន​តួនាទី​ធំ​ជាង​នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ មិន​ត្រូវ​គិត​ថា​ខ្លួន​ជា​នាយ​ប៉ុស្ដិ៍​មាន​ទួ​នាទី​ធំ​ជាង​មេឃុំ​នោះ​ឡើយ​។​

​ការ​លើក​ឡើង​របស់​លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​នេះ​ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ ក្នុង​ពិធី​ផ្សព្វផ្សយ​សេ​ក្តី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្ដរស័ក្ដិ​ជូន​មន្ដ្រី​នគរបាល​ជាតិ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ និង​ស្រុក​អង្គស្នួល​ ដោយ​មានការ​ចូលរួម​ពី​អភិបាលស្រុក​មុខកំពូល​ ,​លោកស្នងការ​រង​ ,​លោកនាយ​-​នាយ​រង​ការិយាល័យ​បុគ្គលិក​ ,​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ ,​លោក​មេបញ្ជាការ​ផ្នែក​សិ​ករង​ស្រុក​ ,​លោក​ប្រធាន​វរ​ព្រំដែន​គោក​លេខ​៦០៥​ ,​លោក​អធិការ​នគរបាល​ស្រុក​ទាំង​៤​ ,​លោក​អធិការរង​,​លោកនាយ​-​នាយ​រង​ផ្នែក​ នាយ​-​នាយ​រង​ប៉ុស្ដិ៍​ទាំង​៧​ប៉ុស្ដិ៍​ ផង​ដែរ​។​

​លោក​ឧត្ដមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​បាន​បន្ថែម​ទៀត​ថា​ នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ ត្រូវ​ជជែក​ពិភាក្សា​ជាមួយ​មេ​ភូមិ​ដើម្បី​ប្រមូល​ព័ត៌មាន​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ ជា​ពិសេស​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ពី​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែល​មាន​បំណង​បង្ក​អសន្ដិសុខ​ក្នុង​ប្រទេស​ជាតិ​ គឺ​ត្រូវ​រាយការណ៍​ជូន​មេឃុំ​ ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់​ពេលវេលា​ ។​

​សុំ​បញ្ជាក់​ថា​ ពិធី​ផ្សព្វផ្សាយ​សេ​ក្តី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្ដរស័ក្ដិ​ជូន​មន្ដ្រី​នគរបាល​ជាតិ​ធ្វើ​ឡើង​ចំនួន​២​ស្រុក​រួម​គ្នា​ គឺ​ស្រុក​មុខកំពូល​ និង​ស្រុក​អង្គស្នួល​ ក្នុង​នោះ​មន្ដ្រី​នគរបាល​ជាតិ​ទទួល​បាន​ជ័យ​លា​ភី​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​ទាំង​២​ស្រុក​ ចំនួន​២៤​រូប​ និង​មន្ដ្រី​នគរបាល​ជាតិ​តម្លើង​ឋានន្ដរស័ក្ដិ​ចំនួន​៣៣​រូប​ ៕