ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាង៥០០នាក់ បន្តចុះពិនិត្យព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង


(ព្រៃវែង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥២២នាក់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋចំនួន ៣,៩៨៧នាក់ ដែលសកម្មភាពមនុស្សធម៌នេះ ធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាស្វាយអន្ទរ ស្ថិតក្នុងភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនេះ គឺជាស្មារតីដ៏មុះមុតរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេង ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ ត្រូវបានដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមអធិបតីភាពឯកឧត្តម ខៀវ ភារិទ្ធ តំណាងឯកឧត្តម ហ៊ុន ម៉ានី និងមានការចូលរួមពីសហការរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ តាមរយៈ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង តាមរយៈឯកឧត្តម ឌុច គន្ធា និងឯកឧត្តម សំ ប៊ុនណារិន អភិបាលរង ឯកឧត្តម ថោង សំអាត អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយអន្ទរ លោកវេជ្ជបណ្ឌិត តេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងវត្តមានរបស់លោកគ្រូ-អ្នកគ្រូពេទ្យ នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និងមន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ។

ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋនោះ រួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស។ល។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្ខពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារ និងសង្គមជាតិ។

សូមជម្រាបថា ក្នុងរយៈពេល៨៤ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩) ឈានចូលឆ្នាំទី៨ គិតចាប់ពីថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ២១០លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចូលរួមចំនួន ៤,២៧៥នាក់ បានពិនិត្យនិងព្យាបាលជំងឺព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន ៥០០,៣៥៤នាក់ ក្នុងនោះស្ត្រីមានចំនួន ៣៣៧,៣២៥នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ តាមតំបន់មូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះ គឺដោយសារតែមានការគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ដោយលោកបានគាំទ្រ ណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ និងប្រកបដោយថាមពល ដើម្បីឱ្យសកម្មភាពមនុស្សធម៌នេះកើតមាន ក្នុងន័យចង់ឃើញជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើត ក្នុងការដឹកនាំប្រទេសជាតិចេញពីផេះផង់ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ។

ដូចសព្វដងដែរ ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមាចំពោះការចុះពិនិត្យនិងព្យាបាលជំងឺនេះ ហើយបានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ផងដែរ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។

យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាព តាមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍៕