សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់


ព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹកនៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ ជាមួយអតីតយុទ្ធជន យុទ្ធនារី ភូមិភាគឦសាន ក្នុងបរិយាកាសរីករាយ និងពោពេញដោយមនោសញ្ចេតនា នឹករលឹក និងសាមគ្គីស្និទស្នាល យ៉ាងក្រៃលែង…។

នៅក្នុងឱកាសនោះសម្តេច និងយុទ្ធមិត្តទាំងអស់ បានរៀបរាប់ឡើងវិញ នូវអនុស្សាវរីយ៍រួមគ្នាតស៊ូ ដើម្បីប្រជាជន និងប្រទេសជាតិ កាលពីជាង៤០ឆ្នាំមុន។ យុទ្ធមិត្តទាំងអស់ បានសម្តែងនូវការសប្បាយរីករាយជាអតិប្បរមា ចំពោះសមិទ្ធិផលទាំងឡាយដែលប្រជាជនកម្ពុជាយើង ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននាពេលកន្លងមកនេះ…។ យុទ្ធមិត្តទាំងអស់ សម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជាតិយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងបន្តថែរក្សាបានយ៉ាងរឹងមាំ នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព ដើម្បីជាគុណប្រយោជន៍សម្រាប់កូនចៅយើងទាំងអស់គ្នា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត…។