លោកទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្សនៅខេត្តសៀមរាប


នាព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅមហោស្រពស្នាមញញឹមអង្គរ ខេត្តសៀមរាប បានប្រារព្ធទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ក្រោមប្រធានបទ “រួមសហការគ្នា ដើមី្បកម្ពុជាគ្មាន អំពើជួញដូរមនុស្ស” ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងមាន ការនិមន្ត/អញ្ជើញចូលរួមពីព្រះមេគណសង្ឃខេត្ត ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងបណ្តាអង្គការសង្គមស៊ីវិល ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និសិ្សត ក្រុមយុវជនកាយរឹទ្ធិកម្ពុជា និងយុវជនកាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ១ពាន់នាក់។

លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបញ្ជាក់ថា គោល បំណងនៃការប្រារព្ធទិវាជាតិនេះ គឺដើមី្បបង្ហាញពីឆន្ទះដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូប ក្នុងការរួមសហការគ្នា ដើមី្បកម្ពុជាគ្មានអំពើជួញដូរមនុស្ស ព្រមទាំងបញ្ជាក់ពីលទ្ធផលដែលអនុវត្តន៍បានក្នុងឆ្នាំ២០១៩ យុទ្ធសាស្ត្រប្រឆាំងការ ជួញដូរមនុស្ស ការការពារស្តារនីតិសម្បទា ការងារយុត្តិធម៌និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការងារបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពទៀតផង។

លោកស្រីបន្តថា នៅក្នុងទិវានោះក៏មានការចាក់បញ្ចាំងនូវកម្រងភាពយន្តឯកសារ ទាក់ទងការជួញដូរ កេងប្រវ័ញ្ច និងធ្វើអាជីវកម្មផ្លូវភេទ តាមរយៈមេខ្យល់ ក្រុមអ្នករកស៊ី រត់ពន្ធមនុស្ស និងបានប្រើ ប្រាស់គ្រប់កលល្បិចបោកប្រាស់ ទៅតាមគ្រប់រូបភាព ហើយកុមារ មួយចំនួនត្រូវបានធ្លាក់ខ្លួន ទៅក្នុងអំពើពេស្យាចា ដោយរងនូវអំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង ឬឪពុកម្តាយយកទៅលក់ ដើមី្បសងបំណុលគេ និងកុមារមួយចំនួន ត្រូវបានបង្ខំឱ្យរៀប អាពាហ៍ពិពាហ៍ក្លែងក្លាយ ដែលត្រូវបានគេយកទៅលក់ និងកត្តាមួយ ចំនួនក៏ធ្វើឱ្យស្ត្រី និងកុមារងាយរងគ្រោះ។

លោកជំទាវ ជូ ប៊ុនអេង ក៏បានលើកឡើងថា ទិវាជាតិនេះ ក្នុងគោលបំណងបង្ហាញ អំពីឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ការលំបាក ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាពដើមី្បឱ្យប្រជាជនកម្ពុជា និង មនុស្សជាតិ ទទួលបានការគោរពសិទ្ធិសេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និងភាព សុខុដុមរមនា។ រាជរដ្ឋាភិបាល ក្នុងកិច្ចសហការជាមួយបណ្តាដៃគូពាក់ព័ន្ធនានា និងទាមទារ ឱ្យមានកិច្ចសហការ កាន់តែជាក់លាក់ពីបណ្តាប្រទេស ពាក់ព័ន្ធទាំងឡាយ ក្នុងតំបន់ និងលើ ពិភពលោក ដើមី្បរួមគ្នាបង្រ្កាបអំពើជួញដូរមនុស្ស គ្រប់រូបភាព និងផ្តន្ទាទោសជន ល្មើសឱ្យបានម៉ឹងម៉ាត់ ដើមី្បកាត់បន្ថយ និងលុបបំបាត់ប្រសិទ្ធភាព បទល្មើស។

លោកជំទាវ ជូ ប៊ុនអេង បានបន្តថា កម្ពុជានឹងពង្រឹងការអនុវត្តច្បាប់ អនុសញ្ញា កតិកាសញ្ញាអន្តរជាតិ ច្បាប់ជាតិ អនុស្សរណៈ កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី ផែនការសកម្មភាពរួម ផែនការជាតិ ព្រមទាំងបទដ្ឋានគតិយុត្ត ដែលមានស្រាប់ ឱ្យទទួល បានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការគាំទ្រ លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិ ការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់លំដាប់ថ្នាក់ ឱ្យមានលទ្ធភាព សមត្ថភាព និងធនធានគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អ។

លោកជំទាវរដ្ឋលេខាធិការបានឱ្យដឹងទៀតថា ខ្លឹមសារនៃទិវាជាតិលើកទី១៣ ប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស១២ធ្នូ ឆ្នាំ២០១៩នេះ បានផ្តោតសំខាន់ចំពោះបទល្មើស ការពរពោះជំនួស ដែលជាបទឧក្រិដ្ឋមួយ ក្នុងការជួញដូរទារក នាំចេញទៅក្រៅប្រទេស។ ហើយម៉្យាងទៀត រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រការធ្វើទេសន្តរប្រវេសន៍ការងារស្របច្បាប់ សម្រាប់ជាជម្រើសក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គម។ ការបា្ររព្ធទិវានៅ ថៃ្ងនេះដែរ ក៏ជាស្មារតីយល់ដឹងដ៏មានសារៈសំខាន់បំផុត ក្នុងការផ្សព្វផ្សាយជាសាធារណៈ បំផុសកិច្ចចូលរួមក្នុងការអនុវត្តច្បាប់ ស្តីអំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ លើស្រ្តីនិងកុមារ ព្រមទាំងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ការគាំទ្រ បន្តការសហការ ជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដើម្បីអនុវត្តន៍ ច្បាប់នេះ កាន់តែមានប្រសិទ្ធភាព និងជោគជ័យថែមទៀត ដើម្បីប្រជាជន និងប្រទេសជាតិយើង៕