សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយអនុប្រធានគណៈកម្មការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់និងផ្លូវនៃប្រទេសចិន


នៅវិមានសន្តិភាព រសៀលថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម លឿង ជុនយីង អនុប្រធានគណៈកម្មការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់និងផ្លូវនៃទីក្រុងហុងកុង ប្រទេសចិន។

ក្នុងជំនួបនេះ ឯ.ឧ លឿង ជុនយីង បានគោរពរាយការណ៍ជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់ប្រទេសកម្ពុជាជាច្រើនដងមកហើយ ហើយលើកទី២នេះ ឯកឧត្តមបាននាំគ្រូពេទ្យស្ម័គ្រចិត្តមកជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលមានបញ្ហាភ្នែកនៅខេត្តកំពង់ចាម។ ឯកឧត្តមបានពិនិត្យឃើញថាប្រជាជនកម្ពុជាមានបញ្ហាភ្នែកកើតកន្ទុយថ្លែនច្រើន នឹងបញ្ហាភ្នែកដ៏ទៃទៀត ក្នុងន័យនេះ ឯកឧត្តមក៏បានរៀបចំឲ្យមានមជ្ឈមណ្ឌលដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋខេត្តកំពង់ចាមដែលមានបញ្ហាភ្នែកឱ្យជាសះស្បើយទាំងអស់គ្នា។ ឯកឧត្តមបានមានប្រសាសន៍ថា ការព្យាបាលភ្នែកកន្ទុយថ្លែននោះ គឺជាការងាយបំផុត មិនមានគ្រោះថ្នាក់ ហើយមិនមានការឈឺចាប់នោះទេ និយាយរួមការងារនេះគឺជាការងារមិនគួរឲ្យមានការព្រួយបារម្ភនោះទេ តែជាការងារដែលគ្រូពេទ្យជាច្រើនបានធ្វើទទួលបានជោគជ័យ១០០%ផងដែរ។

ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងពីករណីមួយគឺការវះកាត់ទៅលើបុរសវ័យចំណាស់ម្នាក់ដែលមានភ្នែកកើតកន្ទុយថ្លែន បន្ទាប់ពីការវះកាត់រយៈពេល២០នាទីទៅ៣០នាទីមក ១ថ្ងៃក្រោយមកភ្នែករបស់គាត់ក៏អាចមើលឃើញច្បាស់ឡើងវិញ ដូចធម្មតា បន្ទាប់ពីគាត់មើលមិនឃើញអស់រយៈពេល៧ឆ្នាំមកហើយ។ ចំនុចនេះហើយធ្វើឲ្យទឹកចិត្តរបស់ក្រុមគ្រូពេទ្យរបស់ឯកឧត្តម កាន់តែមានទឹកចិត្តបន្ថែមទៀតសម្រាប់ការចូលរួមជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត។

ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រុមគ្រូពេទ្យរបស់ឯកឧត្តមគឺមានពេទ្យចំនួន១២នាក់ ដែលប្រចាំការនៅខេត្តកំពង់ចាម។ ហើយរហូតមកដល់ថ្ងៃសុក្រកន្លងមកនេះ គឺបេសកកម្មរបស់ឯកឧត្តមបានបញ្ចប់ទទួលបាននូវភាពជោគជ័យគឺអ្នកជំងឺប្រមាណជា ៨២០៨នាក់ ទូទាំងខេត្តមានបញ្ហាភ្នែកកើតកន្ទុយថ្លែននោះ ហើយទទួលបាននូវការព្យាបាល និងជាសះស្បើយ។ ឯកឧត្តមក៏បានគោរពជម្រាបជូនផងដែរថា បន្ទាប់ពីបេសកកម្មនៅខេត្តកំពង់ចាមហើយឯកឧត្តមនឹងបន្តទៅកាន់ខេត្តព្រៃវែងទៀតដោយឧបករណ៍សម្ភារៈគ្រឿងប្រើប្រាស់នៅខេត្តកំពង់ចាមគឺរក្សានៅខេត្តកំពង់ចាមដដែល ផ្ទុយទៅវិញលោកនឹងយកឧបករណ៍ថ្មីទៅកាន់ខេត្តព្រៃវែងជាបន្តទៀត។ ឯកឧត្តម បន្តទៀតថា អ្វីដែលក្រុមគ្រូពេទ្យធ្វើនៅពេលនេះទី១)បម្រើការងារមនុស្សធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ទី២)ជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របទៅនឹងគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។ ក្នុងន័យនេះដើម្បីបំពេញបេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានភាពជោគជ័យនៅខេត្តព្រៃវែង ឯកឧត្តមបានស្នើសុំសម្ដេចតេជោអោយក្រសួងសុខាភិបាលបន្តគាំទ្រដល់ក្រុមការងាររបស់ឯកឧត្តមជាបន្តទៀតក្នុងគោលដៅជួយដល់ប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជុនយីង ក៏ដូចជាក្រុមការងារ និងគ្រូពេទ្យទាំងអស់ដែលបានផ្ដល់ការបរិច្ចាគ ដើម្បីបម្រើផលប្រយោជន៍មនុស្សធម៌ដល់ប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា ខេត្តកំពង់ចាមគឺជាខេត្តមួយ ដែលកាលពីដើមឡើយមានខេត្តត្បូងឃ្មុំរួមបញ្ចូលដែរ ប៉ុន្តែក្រោយមកត្រូវបំបែកជាពីរខេត្តផ្សេងគ្នា។ ដោយឡែកការទាក់ទងទៅនឹងការព្យាបាលជំងឺភ្នែកជាបន្តទៀតទៅដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង សម្ដេចតេជោបានមានប្រសាសន៍ថាទីនោះក៏ជាទីតាំងល្អដែរ ហើយគប្បីណាជួយដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ខេត្តព្រៃវែងផងដែររួមមានខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ការជួយប្រជាពលរដ្ឋយើងឱ្យមានភ្នែកភ្លឺឡើងវិញនេះ ជាការពិតណាស់គឺជាការងារមនុស្សធម៌មួយ ហើយសម្ដេចតេជោយល់ច្បាស់នូវអារម្មណ៍ដែលប្រជាពលរដ្ឋទទួលបានភ្នែកភ្លឺមកវិញនេះ ហើយសម្ដេចតេជោក៏បានមានប្រសាសន៍ថា តាមព្រះពុទ្ធសាសនា ការធ្វើអំពើល្អតែងតែបានបុណ្យកុសលច្រើនណាស់។ ក្នុងន័យនេះ សម្ដេចតេជោ ជួសមុខឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបានទទួលព្យាបាលភ្នែកភ្លឺឡើងវិញ សូមថ្លែងអំណរគុណចំពោះឯកឧត្តម និងក្រុមការងារ និងអ្នកឧបត្ថម្ភទាំងឡាយដែលបានជួយព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយសូមឱ្យឯកឧត្តម និងក្រុមការងារបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជានៅខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត៕