អភិបាលខេត្ត​កំពង់ចាម​៖​ នៅ​ឆ្នាំ​២០២៥​ ប្រជាពលរដ្ឋ​គ្រប់រូប​នៅសហគមន៍​ជនបទ​ ត្រូវ​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ ១០០%


កំពង់ចាម​:​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​កំណត់​ថា​ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប​នៅសហគមន៏ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០% ប្រកបដោយនិរន្តភាព។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​បេីកអង្គសន្និសីទប្រចាំឆ្នាំ​ លើកទី១ ក្រោមប្រធានបទ អ្នកដឹកនាំឆ្នើមដើម្បីនិរន្ត​ភាពការងារវិស័យទឹកស្អាត និងអនាម័យជនបទ ដែលបានរៀបចំឡើងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​កំពង់ចាម​ សហការជាមួយអង្គការដៃគូរ​ នាព្រឹក​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ នេះ។

ថ្លែង​ក្នុង​ពិធី​នោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ចាត់ទុក​ថា​ ការរៀបចំអង្គសន្និសីទនេះ គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសលោកអភិបាលស្រុក និងលោកមេឃុំទាំងអស់ត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ​ នៃយុទ្ធសាស្ត្រជាតិ​ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលបានកំណត់ថា៖ នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៏ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អ១០០% ប្រកបដោយនិរន្តភាព។​

ដើម្បីសម្រេចឲ្យបានតាមទិសដៅនៃគោលនយោបាយជាតិ​ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឯកឧត្ដម​អភិបាលខេត្ត​ បាន​ផ្តល់នូវ​អនុសាសន៍​ថា​៖

១- មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវបន្តជម្រុញការជួសជុលអណ្តូងស្នប់ និងលើកផែនការសម្រាប់សាងសង់អណ្តូងទឹក និងបង្គន់អនាម័យជាប្រចាំ ។

២- លោកអភិបាលស្រុក និងលោកមេឃុំត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យទៅក្នុងផែនការប្រចាំឆ្នាំរបស់ខ្លួន ចាប់ពីឆ្នាំ ២០២០ទៅ ។

៣- មេឃុំ មេភូមិនីមួយៗត្រូវធ្វើបច្ចុប្បន្នភាពអណ្តូងទឹក និងបង្គន់អនាម័យឲ្យបានច្បាស់លាស់ជារៀងរាល់ខែ ។

៤- ត្រូវរួមសហការគ្នាឲ្យបានជាប់ជាប្រចាំរវាងរដ្ឋបាលខេត្ត ស្រុក ឃុំ មន្ទីរជំនាញ និងអង្គការដៃគូរ។

៥- អាជ្ញាធរស្រុក ឃុំ និងមេភូមិត្រូវចុះជុំរុញ និងតាមដានជាប្រចាំអំពីការសាងសង់បង្គន់អនាម័យ​ និងអណ្តូងទឹកនៅតាមភូមិនីមួយៗ ហើយត្រូវរាយការណ៏មកមន្ទីរអភិវឌ្ឍន៏ជនបទជារៀងរាល់ខែ ។

៦- ត្រូវបញ្ចូលការងារទឹកស្អាត និងអនាម័យនៅក្នុងរបៀបវារៈប្រជុំប្រចាំខែរបស់រដ្ឋបាលស្រុក​ និងឃុំ។

តាមរបាយការណ៍របស់ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បានគូសបញ្ជាក់ថា៖ នៅក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលទទួលបានសេវាអនាម័យ​ (មានបង្គន់អនាម័យប្រើប្រាស់)​ មានចំនួន១៧៩.៩៨៤ខ្នង ផ្ទះស្មើ ៦៧% និងខ្នងផ្ទះដែលទទួបានសេវាទឹកស្អាតប្រើប្រាស់មានចំនួន១ ៩២,៤០១ខ្នងផ្ទះ ស្មើ ៧២% ។ ដូច្នេះ ផ្នែកអនាម័យយើងនៅខ្វះ ៣៣% ទៀត ហើយផ្នែកទឹកស្អាតយើងនៅខ្វះ ២៨%​ ដោយ​គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ គឺ​មាន​រយៈពេល​៦ឆ្នាំ​ទៀត​ ដែល​ត្រូវរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅ​ នៃយុទ្ធសាស្ត្រជាតិ​ ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ​ ៕