រដ្ឋបាលខេត្តប៉ៃលិនបើកកិច្ចប្រជុំគណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ


ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិលើកកម្ពស់ សីលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ ហៅកាត់ថា ​(គ.ជ.ស.ស.ខ) ពិធីនេះមានការចូលរួមពីលោកជំទាវ ជា លាភ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងអភិបាលក្រុង-ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើន។

លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលខេត្តប៉ៃលិនបានអាននូវសេចក្តីសម្រេចកែសម្រួលសមាសសភាពគណៈកម្មការចំរុះ លើកកម្ពស់សីលធម៌សង្គម តម្លែស្ត្រី និង គ្រួសារខ្មែរខេត្តរួចមក លោកជំទាវ ជា លាភ អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ គោលការណ៍សមភាពយេនឌ័របានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ទី២ ទី៣ និងទី៤ ដើម្បីកំណើនការងារ សមភាព និងលើកការកំពស់​ការងារ​ដល់ស្ត្រីអោយមានប្រសិទ្ធភាពនៅកម្ពុជា។ លោកជំទាវបន្តថា៖ ឆ្នាំ២០១៧-២០១៨ កន្លងមកនេះ អង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច សង្គមស៊ីវិល ដៃគូអភិវឌ្ឍជាតិ អន្តរជាតិ បានអនុវត្តន៍សកម្មភាពជាច្រើន ដោយប្រើប្រាស់គ្រប់មធ្យោបាយគ្រប់រូបភាព ដើម្បីឆ្លើយតបអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ ហើយសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសបានរួមចំណែកក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស សិទ្ធិស្ដ្រី សិទ្ធិកុមារ សិទ្ធិជនពិការ និងសិទ្ធិដទៃទៀតរបស់មនុស្សក្នុងសង្គម លើកកម្ពស់ការគោរពច្បាប់ និងកាត់បន្ថយការរើសអើង ការរំលោភបំពានគ្រប់រូបភាព បង្កើតបានសង្គមកម្ពុជាមួយដែលប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និង សុខដុមរមនា។ ជាមួយគ្នានេះផងដែរ គ.ជ.ស.ស.ខ មានកង្វល់ចំពោះបញ្ហាប្រឈមមួយចំនួនដែលទាមទារ ឱ្យមានការយកចិត្តទុកដាក់ និងកិច្ចប្រឹងប្រែងបន្ថែមទៀតក្នុងការដោះស្រាយ ក្នុងកណី អំពើហិង្សា  និងការរំលោភលើស្ដ្រី ការរើសអើងចំពោះស្ដ្រី ជាអំពើដែលមិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្តល់ តម្លៃឱ្យស្ដ្រី។ ការផ្សព្វផ្សាយព័ត៌​មានពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មគ្រឿងស្រវឹង ភាពយន្តបរទេសដែលមានសកម្មភាពមិនស្របប្រពៃណីខ្មែរ និងវិទ្យុឯកជនមួយចំនួនដែលប្រើវោហាសព្ទ មិនមានសីលធម៌ ធ្វើអោយប៉ះពាល់​កិត្តិយសស្ត្រីផងដែរ។ ម៉្យាងទៀតទោះបីជាមានការរៀបចំនីតិវិធីទប់ស្កាត់មួយចំនួនក្ដី ក៏មានការផ្សព្វផ្សាយ រូបភាព និងព័ត៌មានមិនសមគួរតាមរយៈប្រព័ន្ធអេឡិចត្រូនិក  ដែលបញ្ហានេះ អាជ្ញាធរពាក់ព័ន្ធត្រូវមានកិច្ចសហការល្អជាមួយសមត្ថកិច្ចទប់ស្កាត់រាល់បទល្មើសផ្សេងៗជាក់ស្តែង។ ចំពោះបទល្មើសរំលោភ បំពានសិទ្ធលើស្ត្រី និងកុមារ សម្រាប់ខេត្តប៉ៃលិនគឺពុំសូវកើតមានឡើងនោះទេ ដែលនេះគួរជាទីមោទនសម្រាប់ខេត្តទាំងមូលផងដែរ។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាពយោបាយ ប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។  ឯកឧត្តមបន្តថា៖ បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមាន កំណើនសេដ្ឋកិច្ច ដែលអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយគួរជាទីកត់សម្គាល់ នឹងកំពុងកំណែទម្រង់លើគ្រប់វិស័យ ធ្វើឱ្យសាធារណមតិជាតិនិងអន្តរជាតិបានវាយតម្លៃថាកម្ពុជា កំពុងមាន ការផ្លាស់ប្តូរយ៉ាងល្អប្រសើរ រួមទាំងការគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិជាពិសេសការលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ។ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរអោយអាជ្ញាធរមានសមត្ថកិច្ចបន្តអនុវត្តតាមអនុសាសន៍របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងគោលបំណងរួមចំណែកធ្វើឱ្យសង្គមកម្ពុជា ស្ថិតនៅក្នុងស្ថានភាពមានសន្តិភាព និងវឌ្ឍនភាព ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឱ្យបានទាន់សភាពការណ៍ និងសម័យកាល នៅក្នុងតំបន់និងសកលលោក។

ក្នុងឱកាសនោះដែរឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានណែនាំ​ដល់ថ្នាក់​ដឹក​នាំ​មន្ត្រីរាជការស្ថាប័នជំវិញខេត្តត្រូវត្រៀមរៀបចំប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៩ឈានចូលឆ្នាំ២០២០ ខាងមុខនេះអោយមានបរិយាកាសសប្បាយរីករាយ ដោយរដ្ឋបាលខេត្ត​រៀប​ចំ​ពិធី​ជួប​ជុំ ​ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋជួបជុំគ្នាហូបអាហារសាមគ្គី ដោយមាន សិល្បះកំសាន្តចម្រុះរាំងលេងកំសាន្តផងដែរ។ដូច្នេះគ្រប់អង្គភាពមន្ទីរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈចូលរួមឲ្យបានសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាងណាបង្កឱកាស ការសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរជាតិ-អន្តជាតិ មកកម្សាន្តសប្បាយ ប្រកបដោយសុខសុវត្ថិភាព ជាពិសេសកងក

ម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទត្រូវចូលរួមសហការគ្នាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អោយបានល្អ៕