ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ជិត៣ពាន់នាក់


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណ ២,៨៣១នាក់ ក្នុងនោះនារីមានចំនួន ១,៦១៤នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បញ្ចប់ការសិក្សាក្នុងឆ្នាំ២០១៧-២០១៨ និងឆ្នាំសិក្សា២០១៨-២០១៩។

ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News ថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់កិត្តិយសធំធេងសម្រាប់សាកលវិទ្យាល័យ ជាពិសេសសម្រាប់និស្សិតដែលបញ្ចប់ការសិក្សា។

លោកប្រធានក្រុមប្រឹក្សាភិបាលបានអះអាងថា វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ គឺជាបំណងប្រាថ្នាមួយរបស់និស្សិតមកពីសាកលវិទ្យាល័យរបស់លោក។

សាកលវិទ្យាល័យវេស្ទើន ជាសាកលវិទ្យាល័យឯកជនមួយនៅកម្ពុជា ដែលបាននិងកំពុងធ្វើសកម្មភាពរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ សាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និង ក្រោយបរិញ្ញាបត្រ ដោយបានអនុវត្តតាមផែនការរបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្ត តាមគោលនយោបាយ និង ផែនការយុទ្ធសាស្រ្តវិស័យអប់រំ លើការធានាសេវាអប់រំ ប្រកបដោយ គុណភាពខ្ពស់។

លោក តែ ឡូរិន បានគូសបញ្ជាក់ថា ដោយឈរលើមូលដ្ឋានគុណភាពជាចម្បង សាកលវិទ្យាល័យបានខិតខំកែលម្អ និង អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និង ការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជានោះ សាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យនានា នៅ បរទេស រួមមាន សាកលវិទ្យាល័យកាសេមបណ្ឌិត សាកលវិទ្យាល័យ Assumption សាកលវិទ្យាល័យ Chiang Mai សាកលវិទ្យាល័យ Thamasat សាកលវិទ្យាល័យ Kasem Bundit ( Thailand ), សាកលវិទ្យាល័យ Yeung Nam ( South Korea ), និង សាកលវិទ្យាល័យ Nangyang Institute of Management ( Singapore ) សម្រាប់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ កម្មវិធីអន្តរជាតិ សិក្សាជាភាសាអង់គ្លេស។

សាកលវិទ្យាល័យ ក៏បានអនុវត្តនូវគោលការណ៍ប្រឡងប្រណាំង ក្នុងការសិក្សា ដើម្បីជ្រើសរើសនិស្សិតពូកែប្រចាំឆ្នាំ ក្នុងនោះ និស្សិតទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ត្រូវទទួលបានប័ណ្ណសរសើរ និងអាហារូបករណ៍បន្ថែមក្នុងឆ្នាំសិក្សាបន្ទាប់ និង បានអនុវត្តនូវគោលការណ៍ «សិស្សរៀនកាន់តែពូកែបង់ប្រាក់កាន់តែតិច»។

បើតាមលោក តែ ឡូរិន ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ ក៏បានផ្តល់បទពិសោធន៍ ដល់និស្សិតកំពុងសិក្សា តាមរយៈការអញ្ជើញវាគ្មិនពីស្ថាប័នរដ្ឋ និង ឯកជនមកធ្វើបទឧទ្ទេសនាម ដើម្បីផ្សារភ្ជាប់ ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងផងដែរ។ ក្នុងឆ្នាំ២០១៩-២០២០នេះ មាននិស្សិតកំពុងសិក្សាចំនួន ៥,៥១៧នាក់ (នារី ២,២៥១នាក់) ហើយគិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ ដល់ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា ចំនួន ១៣,៥០៨នាក់ ( នារី ៦,៥៤៣នាក់ )។

សូមបញ្ជាក់ថា សាកលវិទ្យាល័យវេស្ទើន មានគ្រឹះស្ថានអប់រំមួយផ្សេងទៀត ជាឧបសម្ព័ន្ធរបស់ខ្លួនគឺ សាលាវេស្ទើនអន្តរជាតិ ដែលបាននិងកំពុងបណ្តុះបណ្តាលសិស្ស ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២ មានចំនួន ១៦ទីតាំង ក្នុងនោះ ១៤ទីតាំង នៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ ១ទីតាំង និងក្រុងតាខ្មៅ ១ទីតាំង សិក្សាជាភាសាខ្មែរ និងអង់គ្លេស ស្របតាមស្តងដារជាតិ អន្តរជាតិ ដោយមានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា៕