ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោក Mr. ZHAO Bo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នៅទីស្តីការក្រសួង វេលាម៉ោង ១៥:០០ រសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតលោក Mr. ZHAO Bo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងគម្រោងវិនិយោគលើវិស័យកសិកម្ម។

ជាបឋមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះប្រតិភូដែលបាន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយទស្សនកិច្ចនេះពិតជាមានសារសំខាន់ក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងឲ្យកាន់តែរឹងមាំ និងស្ថិតស្ថិរយូអង្វែងថែមមួយកម្រិតទៀត មិនត្រឹមតែប៉ុណ្ណោះ វាជាឱកាសល្អសម្រាប់ក្រុមហ៊ុនមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលពីវិស័យកសិកម្មកម្ពុជា ដើម្បីសម្រេចចិត្តដាក់ទុនវិនិយោគ ចូលរួមអភិវឌ្ឍន៌វិស័យនេះឲ្យមានការរីកចម្រើនសមស្របតាមយុទ្ធសាស្រ្ត “ផ្លូវ និងខ្សែក្រវ៉ាត់” របស់លោកប្រធានាធិបតី ស៊ី ជីងភីង និងជាពិសេសស្របតាមសុឆន្ទ:របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសយើងទាំងពីរ។

Mr. ZHAO Bo ក្នុងនាមឲ្យគណ:ប្រតិភូបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណ:ប្រតិភូ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា។ លោកជម្រាបថា គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះគឺទី១- ស្វែងយល់បន្ថែមពីសក្តានុពលដំណាំដូងដើម្បីធ្វើការវិនិយោគ និងទី២- សិក្សាលម្អិតអំពីសេចក្តីត្រូវការ លទ្ធភាពផ្គត់ផ្គង់ផ្លែងដូង និងទីផ្សារដើម្បីបង្កើតរោងចក្រកែច្នៃទឹកដូង ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។ លោកបានបន្តថាក្រុមហ៊ុន Coconut Paln Group គឹជាក្រុមហ៊ុនធំជាងគេនៅប្រទេសចិន មានទីតាំងនៅខេត្តហាយណាន ក្នុងមួយឆ្នាំអាចរកចំណូលបាន ៤០០លានដុល្លារពីផលិតផលដូង ក្នុងមួយថ្ងៃប្រើប្រាស់ដូង ៦០ម៉ឺនផ្លែ ប្រើនិយោជិក ៦ពាន់នាក់ បាននាំចេញផលិតផលដូងទៅកាន់ ៣៨ ប្រទេស។ បច្ចុប្បន្ន ដោយសារផ្លែដូងធ្វើឲ្យកសិករខេត្តហាយណានមានការកែប្រែមុខមាត់ថ្មី ជីវភាពធូរធារ សេដ្ឋកិច្ចគ្រួសាររឹងមាំល្អ។ ហេតុនេះហើយ បានជាក្រុមហ៊ុនសម្រេចចិត្តមកសិក្សាលម្អិតបន្ថែមដើម្បីធ្វើការវិនិយោគលើដំណាំនេះនៅកម្ពុជា ដែលទាមទារត្រូវការដីចំនួន ១៤ពានហ.ត។ តាមរយ:បច្ចេកទេស ទុនវិនិយោគ បទពិសោធន៍ និងទីផ្សារ លោកសន្យាថានឹងខិតខំអនុវត្តគម្រោងវិនិយោគនេះឲ្យទទួលបានជោគជ័យ ហើយភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាសមិទ្ធផលនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបានបញ្ជាក់ថា នឹងរៀបចំក្រុម ការងារបច្ចេកទេសមកកម្ពុជាម្តងទៀតក្នុងពេលឆាប់ៗដើម្បីសិក្សាដី ក្សេត្របរិស្ថាន សក្តានុពលនៅតាមតំបន់ ទីផ្សារ និងច្រកនាំចេញ។ល។ ចុងក្រោយ Mr. ZHAO Bo បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មដូងនៅខេត្តហាយណាក្នុងពេលឆាប់ខាងមុខ។

ក្តាប់បានពីគោលបំណងច្បាស់លាស់របស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ រីករាយ និងគាំទ្រចំពោះឆន្ទ:វិនិយោគលើដំណាំដូង និងបង្កើតរោងចក្រកែច្នៃដូងនៅកម្ពុជា ព្រោះ ថាវាស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយកចិត្តទុកដាក់លើលើកកម្ពស់កម្រិតជីវភាពរបស់កសិករ តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្ម កសិកម្ម អនុវត្តបច្ចេកវិទ្យាកសិកម្មទាន់សម័យ ថ្លៃដើមតិច បរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ ហើយជាពិសេសដំណាំដូងដែលកសិករនិយមដាំតាមរបងផ្ទះ ហើយបច្ចុប្បន្នមានចំការធំៗទៀតផង។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនភ្ញៀវថា ប្រសិនបើយើងបញ្ចូលបច្ចេកទេសដាំដុះសមស្របមួយឲ្យអ្នកផលិត និងរៀបចំក្រុម ឬសហគមន៍ផលិត យើងសង្ឃឹមថាផលិតផលដូងនឹងមានតម្លៃបន្ថែមខ្ពស់ ដោយសារមានតម្រូវការទីផ្សារ។ លោកបានជូនមតិដល់ក្រុមហ៊ុនថាទី១- ក្រុមហ៊ុនគួរសហការជាមួយប្រជាជន ឬម្ចាស់ចំការ ប្រមូលទិញផលិតផលតាមរយ: contract farming ផ្តល់ពូជ បច្ចេកទេស និងជី ហើយបើអនុវត្តតាមរបៀបនេះ អាចចាប់ផ្តើមបានឆាប់ ជាពិសេសកសិករនៅខេត្តកំពត តាកែវ កោះកុង និងខេត្តព្រះសីហនុ ដែលសុទ្ធតែជាតំបន់មានសក្តានុពល។ ទី២- ប្រើប្រាស់ដីសប្បទានដែលមាន ស្រាប់ តែត្រូវសហការជាមួយសប្បទានិកដែលមិនបានប្រើប្រាស់ឲ្យអស់សក្តានុពល ប៉ុន្តែគួរសិក្សាពីលក្ខណដីផងដែរ ចំណុចនេះទាមទាពេលវេលា សិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ។ លោកបានសម្តែងនូវការគាំទ្រលើគម្រោវិនិយោគនេះ ព្រោះចំណូលបានពីផលិតកម្មស្រូវមិនអាចធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងលើកកម្ពស់កម្រិតជីវភាពបានឡើង។ ដូច្នេះ លោកចង់ឲ្យកសិករគិតគូ ប្តូរពីដំណាំស្រូវមកដាំដំណាំដូងវិញ ជាពិសេសកសិករនៅខេត្តកំពត និងតាកែវ។ លោកបញ្ជាក់ជូនក្រុមហ៊ុនដោយទឹកចិត្តសប្បាយរីករាយថា ប្រសិនបើក្រុមហ៊ុនទទួលបានជោគ ជ័យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងប្រជាជនច្បាស់ជាសាទរ នឹងបន្តគាំទ្រ និងសហការជា មួយក្រុមហ៊ុន ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យបន្ថែមទៀត។ លោកជម្រាបជូនភ្ញៀវថា តបតាមការអញ្ជើញ លោកនឹងរកពេលសមស្របទៅធ្វើទស្សនកិច្ចក្រុមហ៊ុនក្នុងពេលឆាប់ៗខាងមុខ នេះ រួមជាមួយឯកឧត្តមអភិបាលខេត្តកំពតផងដែរ។

សរុបសេចក្តីមក ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ក្តីសង្ឃឹម និងជឿជាក់ជូនក្រុមហ៊ុនថាក្រសួងនឹងផ្តល់កិច្ចសហការពេញលេញ តាមគ្រប់រូបភាព ដើម្បីជួយសម្រួលដល់ការវិនិយោគដំណាំដូង ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះសម្រេចបានជោគជ័យ។