វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី ១ អាណត្តិទី ៣ ឆ្នាំ ២០១៩


វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី ១ អាណត្តិទី ៣ ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅលើកទី ៥ នៅស្រុកបាកាននាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន
អភិបាលនៃគណៈអភិបាលខេត្តដោយមានការចូលរួមពី ក្រុមប្រឹក្សាស្រុកបាកាន អភិបាលស្រុកបាកាន កងកម្លាំងប្រដាប់អាវុធស្រុកបាកាន មន្ត្រីរាជការស្រុបាកាន ក្រុមប្រឹក្សាឃុំក្នុងស្រុកបាកាន តំណាងប្រជាពលរដ្ឋ ប្រធានមន្ទីរ អង្គភាពខេត្ត មន្ត្រីសាលាខេត្ត និងវាគ្មិនជំនាញនានា មួយចំនួនទៀតសរុប ៣៧៩ នាក់ និង ស្ត្រី ៤៧ នាក់ ។
ឯកឧត្តម ម៉ៅ សាន តំណាងឲ្យឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងពីគោលបំណងរបស់អង្គវេទិកា ព្រមទាំងមានមតិបើកទូលាយ ផ្ដល់ឱកាសដល់សមាជិកសមាជិកា ដើម្បីលើកឡើងពីបញ្ហា ប្រឈមនានាកង្វល់ផ្សេងៗជាពិសេសសំណូមពរនិងតម្រូវការដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃនិងការអភិវឌ្ឍ នាអនាគត ។
អង្គវេទិកាបានប្រព្រឹត្តទៅ ដោយមានការចូលរួមមានមតិយ៉ាងផុលផុស ក្នុងនោះសំណួរនិងសំណូមពរមានចំនួន៥៦ ដោយផ្ទាល់មាត់ចំនួន ១០ និង លិខិតចំនួន៤១ សំនួរនិងសំណូមពរភាគច្រើនពាក់ព័ន្ធនិងបញ្ហាតម្រូវការទឹកធ្វើស្រែប្រាំង និងហានិភ័យ ស្រូវស្វិត របស់ពួកគាត់ ។ ឯកឧត្តម អ៉ឹង គឹមលាង និងលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកបានធ្វើការបំភ្លឺដោះស្រាយ ពីបញ្ហានេះដោយនិងរៀបចំគណ:កម្មការ អនុគណ:កម្មការ ប្រធានសហគមន៍ គ្រប់គ្រងបែងចែកទឹកឡើងវិញ ។
ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការបូកសរុប ដោយថ្លែងអំណរគុណដល់សមាជិកសមាជិកាអង្គវេទិកា និងវាគ្មិនជំនាញ ដែលបានធ្វើឲ្យអង្គវេទិកាមានការផុលផុសទទួលលទ្ធផលតាមការគ្រោងទុក ។ ចំពោះសំនួរនិងសំណូមពរដែលនៅសេសសល់និងដាក់ជូនថ្នាក់លើដោះស្រាយបន្ត កម្មវិធីបានបញ្ចប់នៅវេលាម៉ោង ១១,៣០ នាទី ថ្ងៃដដែល ។