រដ្ឋបាលខេត្តវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៤នៅស្រុកប្រាសាទបាគង


នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តខ្សាច់ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបបាមរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ ក្នុងគោលដៅទី៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និង លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការ អញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរ និង ប្រជាពលរដ្ឋមកពីស្រុក ប្រាសាទបាគង និង ស្រុកសូទ្រនិគម។

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារសំខាន់ លើកិច្ចដំណើរការអភិបាលកិច្ច របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ និង ជាយន្តការមួយ ក្នុងការពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អ នៅមូលដ្ឋានអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ក គឺជាការផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានលើកឡើងពីបញ្ហាប្រឈម ក្តីកង្វល់ សំណូមពរ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច បណ្តាអង្គភាពពាក់ព័ន្ធ ពិនិត្យដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការទាំងនោះ ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ។

ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នេះ គឺជាឧបករណ៍ដ៏មានសារសំខាន់ សម្រាប់លើកកំពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ទាំងបុរស ស្រ្តី យុវវ័យ និងជនងាយរងគ្រោះ លើកិច្ចដំណើរការអភិបាលកិច្ច របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ។ ការអភិវឌ្ឍប្រទេសជាតិ ការអភិវឌ្ឍមូលដ្ឋាន មានលទ្ធផលជាវិជ្ជមានទៅបាន ដរាបណាមានការចូលរួមជាមតិ យោបល់ ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន អ្នកពាក់ព័ន្ធផ្សេងទៀត និងស្របតាមតម្រូវការផងដែរ ។ លទ្ធផលល្អប្រសើរ នៃការស្វែងយល់អំពីតម្រូវការរបស់ប្រជាពលរដ្ឋ លុះត្រាតែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅដល់ផ្ទាល់ជាមួយប្រជាពលរដ្ឋ ។

ក្នុងនោះដែរសមាជិកនៃអង្គវេទិកា បានលើកនូវសំណួរសំណូមពរ អំពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋាន ដោយបានផ្តោតទៅលើបញ្ហា ដីធ្លី(ការសុំស្នើដីសម្បទាន ដើមី្បធ្វើកសិកម្ម របស់ប្រជានេសាទឃុំកំពង់ភ្លុក ) , ផ្លូវថ្នល់ , បរិស្ថាន , រ៉ែថាមពល , ហេដ្ឋារចនាសម្ព័ន្ធ(ការសាង សង់សាលាឃុំ) ,ការងារអប់រំ(សាងសង់អគារសិក្សា,ការប្រឡងជ្រើសរើសគ្រូបង្រៀន), បញ្ហាទឹកស្អាត ,អគ្គិសនី(ការរាយបណ្តាញភ្លើងចូលតាមភូមិ) បញ្ហាចរាចរណ៍ (សុំដាក់ភ្លើងសញ្ញាចរាចរណ៍ ) ,អត្រានុកូលដ្ឋាន (ការកែសំបុត្រកំណើត) , បញ្ហាសុខភាព (ដោយផ្លូវដីហុយ ) , ការប្រើប្រាស់ឧបករណ៍ នេសាទ (ដើមី្បឲ្យបានស្របច្បាប់ជលផល ) ។

អង្គវេទិការបស់ក្រុមប្រឹក្សាខេត្តសៀមរាបអណត្តិទី៣ គោលដៅទី៤នេះ មានសមាជិកសមាជិកាចូលរួមសរុប ប្រមាណជាង៦៧៧នាក់ ស្រី ២១១នាក់ និង វាគ្មិនតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ចំនួន៤៦នាក់ ។ អង្គវេទិកាទទួលបានសំណួរ និង កង្វល់ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋចំនួន២៣សំណួរ-សំណូមពរ ដែលត្រូវបានវាគ្មិនបកស្រាយបំភ្លឺ២៣សំណួរសំណូមពរ ។ ដោយឡែកសំណួរ-សំណូមពរ ជាលាយលក្ខ័ជាអក្សរមិនទាន់បានឆ្លើយបំភ្លឺមានចំនួន២០សំណួរ-សំណូមពរ ដែលក្រុមប្រឹក្សាខេត្តទទួលយកទៅពិនិត្យពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតបជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមរយៈក្រុមប្រឹក្សាឃុំ ។

ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការថ្លែងអំណរគុណពីការចូលរួមរបស់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល អាចនិយាយបានថា ជាកម្លាំងចលករជម្រុញឲ្យមានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខ ហើយនេះក៏ជាសកម្មភាព ធ្វើឲ្យថ្នាលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឫសជ្រៅនៅសហគមន៍មូលដ្ឋាន។ ព្រឹត្តិការណ៏នេះ វាក៏ជាយន្តការមួយផងដែរ ក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋានបន្ថែមទៀត វប្បធម៌នៃការចូលរួមកាន់តែមានវឌ្ឍនភាព ហើយការពង្រឹងខឿនលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន កាន់តែរឹងមាំទូលំទូលាយថែមទៀត ។

ក្នុងនោះឯកឧត្តមក៏បានជម្រុញដល់មន្ទីរជំនាញ និង សមត្ថិកិច្ចពាក់ព័ន្ធ ចុះធ្វើការផ្សព្វផ្សាយពីច្បាប់ជលផលថ្មី និង ធ្វើការទប់ស្កាត់ បង្រ្កាបឲ្យខាងតែ ចំពោះការកាប់ទន្ទ្រានព្រៃលិចទឹក យកដីធ្វើស្រែប្រាំងនៅក្នុងតំបន់៣ ដែលធ្វើឲ្យបាត់បង់ធនធានធម្មជាតិ សំខាន់ពូជមច្ចាជាតិ៕