កិច្ចប្រជុំឧត្ដមមន្ត្រីត្រៀមសម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ


ប្រភពពីក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាសហប្រធានជាមួយលោក Hideaki Iwasaki នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅព្រះរាជាណាចក្រថៃ ដើម្បីដឹកនាំកិច្ចប្រជុំឧត្ដមមន្ត្រី(NTFC-SOM) ត្រៀមសម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៣ នៃគណៈកម្មាធិការរួមការងារ ដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងមហាអនុតំបន់មេគង្គ រួមមាន ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ប្រទេសចិន និងវិទ្យាស្ថានមេគង្គ ​ធ្វើឡើងក្នុងគោលបំណងដើម្បី​ពិនិត្យមើលសមិទ្ធផលនានាដែលបានប្រសូត្រចេញពីកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន រវាងប្រទេសក្នុងមហាអនុតំបន់មេគង្គ និងដោះស្រាយបញ្ហាមួយចំនួនដែលកើតមានឡើងក្នុងអំឡុងពេលអនុវត្តន៍កិច្ចព្រមព្រៀង សំដៅឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនប្រព្រឹត្តទៅកាន់តែរលូន ក៏ដូចជា ដើម្បីបញ្ចប់របាយការណ៍កិច្ចប្រជុំឧត្ដមមន្ត្រីនៃគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូន (NTFC-SOM) ដាក់ជូនថ្នាក់រដ្ឋមន្ត្រីពិនិត្យ និងសម្រេច។

នៅក្នុង​ឱកាសនោះ​ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការបានមាន​ប្រសាសន៍​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧត្ដមមន្ត្រីមកពីរដ្ឋជាសមាជិកក្នុងមហាអនុតំបន់មេគង្គដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ និងស្នើសុំឱ្យឧត្ដមមន្ត្រីទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការលើកជាបញ្ហា និងដំណោះស្រាយសំដៅឱ្យការអនុវត្តកិច្ចព្រមព្រៀងនេះកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។​

សូមបញ្ជាក់ថា អនុស្សរណៈយោគយល់ ស្តីពីការប្រើប្រាស់លិខិតអនុញ្ញាតឱ្យ​យានយន្តឆ្លងកាត់ព្រំដែន អាចជួយកាត់បន្ថយឧបសគ្គទាក់ទងនឹងការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម និងជាកត្តាគន្លឹះក្នុងការបង្កើនការតភ្ជាប់រវាងប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ សំដៅផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៃរដ្ឋជាសមាជិក តាមរយៈការជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគឱ្យកាន់តែកើនឡើងថែមទៀត៕