ជនមានពិការភាពនៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់


មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំបានរៀបចំប្រារព្ធទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧ ថ្ងៃ៣ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងពិការភាពដើម្បីសង្គមមួយប្របកដោយបរិយាប័ន្ន » នៅស្រុកប្រាសាទសំបូរ កាលពីថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អភិ   បាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងជនមានពិការភាពប្រមាណ ៣០០នាក់។

លោកជំទាវ លំ គន្ធារី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជំរុញការយកចិត្តទុកដាក់ខ្ពស់តាមរយៈសកម្មភាពជាក់ស្តែងក្នុងការអនុវត្តច្បាប់អនុក្រឹត្យលិខិតបទដ្ឋានគតិយុត្តិនានាលើជនមានពិការភាព។

លោកជំទាវបានបន្តទៀតថា សម្ដេចតេជោ ហ៊ុន សែន តែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនមានពិការភាព តាមរយៈសមិទ្ធផលធំៗជាច្រើន រួមមានការកសាងមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា មជ្ឈមណ្ឌលកុមារគ-ថ្លង់ តំបន់អភិវឌ្ឍន៍លំនៅឋានជនមានពិការភាពគ្រប់ទីកន្លែង និងបានដាក់បញ្ចូលគម្រោងនេះទៅក្នុងគម្រោងវិនិយោគសាធារណៈរបស់រដ្ឋទៀតផង។ ពិសេសបានចូលរួមយ៉ាងសកម្ម និងជំរុញឱ្យមានការដាក់បញ្ចូលជនមានពិការភាព ទៅក្នុងការអភិវឌ្ឍដោយខិតខំធ្វើឱ្យមានការទទួលស្គាល់នូវតម្លៃនិងសមត្ថភាពរបស់បងប្អូន ក្មួយៗមានពិការភាព ព្រមទាំងឆ្លើយតបទៅនឹងសេចក្ដីត្រូវការ មានជាអាទិ៍ ការបង្កើតកម្មវិធីតាមវិស័យនានា និងសហការផ្ដល់សេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ការព្យាបាលដោយចលនាជូនជនមានពិការភាព ការផ្សព្វផ្សាយការងារពិការភាព ការការពារនិងបង្ការពិការភាព ការអប់រំនិងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការលើកកម្ពស់ការអប់រំនៅគ្រប់កម្រិតសិក្សាការ បង្កើតអក្សរស្ទាបនិងភាសាសញ្ញា ការរកការងារធ្វើ សកម្មភាពកីឡា សិល្បៈ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ និងបន្តអនុវត្តន៍ច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់នានាជាធរមានឱ្យមានប្រសិទ្ធភាព ពង្រឹងពង្រីកស្មារតីម្ចាស់ការរបស់ជនពិការភាពផ្ទាល់ លើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន នូវកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អង្គភាពស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការងារពិការភាពនិងស្ដារលទ្ធភាពពលកម្មនៅគ្រប់ថ្នាក់ដោយប្រសិទ្ធភាព និងចីរភាព។

លោក ជា គឿន អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានលើកឡើងថា ក្នុងខេត្តកំពង់ធំមានជនពិការភាពចំនួន ៣.៩៣០នាក់ កុមារមានពិការភាពចំនួន ៥១៤នាក់ ជនមានពិការភាពជាអតីតយុទ្ធជនទទួលរបបគោលនយោបាយពីរដ្ឋាភិបាលក្នុងខេត្តកំពង់ធំសរុប ១.៣៨៧នាក់ ប្រពន្ធចំនួន១.០៨១នាក់ កូន ៣៧៨នាក់ និងអ្នកបម្រើ ២០នាក់៕