រដ្ឋសភានឹងបន្តសម័យប្រជុំ នៅដើមសប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៧


រដ្ឋសភានឹងបន្តសម័យប្រជុំ នៅដើមសប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងអនុម័តច្បាប់សំខាន់ៗចំនួន៧ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។
ពេលវេលានៃកិច្ចប្រជុំនេះ ធ្វើឡើងដោយមានការឯកភាពជាឯកច្ឆ័ន្ទរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែធ្នូ នេះ។

សេចក្តីប្រកាសព័ត៌មរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដោយពិភាក្សា និងអនុម័តនូវរបៀបវារៈចំនួន៦ បន្ថែមទៀត ដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហ្រ្គីន សឺស្តែនណេប៊ល វេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការ ធានា ទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោង សាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែន មីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សូមជម្រាបថាកាលពីសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ រដ្ឋសភានៅមានសល់នូវរបៀបវារៈចំនួនមួយ គឺ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។ ដូច្នេះសម័យប្រជុំពេញអង្គនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នឹងត្រូវអនុម័តនូវរបៀបវារៈចំនួន៧៕