ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៦ ឆ្នាំ២០១៩ ស្ដីពី វិស័យកសិកម្មក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មពិភពលោក


នៅថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៦ ឆ្នាំ២០១៩ ស្ដីពី “វិស័យកសិកម្មក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មពិភពលោក” ក្រោមអធិបតីភាពរបស់ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ សន្និសីទនេះមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួងពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ សេដ្ឋវិទូ និងសាធារណជន ប្រមាណ ៣០០ នាក់ ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការស្រាវជ្រាវនិងពិភាក្សាលើកាលានុវត្តភាពនិងបញ្ហាប្រឈមក្នុងវិស័យកសិកម្មនិងផ្តល់ជាធាតុចូលផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសំដៅគាំទ្រកំណើនប្រកបដោយចីរភាពនិងបរិយាបន្ន។