សម្ដេច សាយ ឈុំ ស្ញប់ស្ញែងការរីកចម្រើន និងគុណភាពរបស់ឱសថដែលផលិតដោយកូនខ្មែរដំបូងគេ មានអាយុកាល៦០ឆ្នាំ


(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប៦០ឆ្នាំ នៃឱសថគីណាល់ របស់សហគ្រាសប៉េប៉េអឹម បានសម្ដែងនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះភាពរីកចម្រើន ព្រមទាំងគុណភាពដ៏ល្អរបស់ឱសថគីណាល់ ដែលសម្ដេចជាអ្នកប្រើប្រាស់ដោយផ្ទាល់។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានចាត់ទុកថា វត្តមានរបស់ឱសថគីណាល់ ដែលផលិតដោយស្នាដៃកូនខ្មែរ នៅលើទឹកដីខ្មែរ តាំងពីទសវត្សន៍ឆ្នាំ១៩៦០ រហូតមកដល់បច្ចុប្បន្ននេះ គឺជាមោទនភាពរបស់ប្រទេសកម្ពុជា ដើម្បីសុខភាពរបស់ប្រជាជនខ្មែរ ហើយក៏បានបង្ហាញវត្តមាននៅលើឆាកអន្ដរជាតិផងដែរ អំពីស្នាដៃរបស់កូនខ្មែរ។

សម្ដេច សាយ ឈុំ បានថ្លែងយ៉ាងដូច្នេះថា ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះ ចំពោះលោកឧកញ៉ា ហៃ លីអ៊ាង ដែលបានទទួលយកមរតក នៃការផលិតឱសថគីណាល់នេះ មកអភិវឌ្ឍន៍ស្របតាមសភាពការណ៍ អភិវឌ្ឍន៍នេះប្រទេសជាតិរបស់យើង ធ្វើឲ្យគីណាល់រក្សាបាននូវតួនាទី ជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលបង្កើតឡើងដោយជនជាតិខ្មែរ និងដើម្បីសុខភាពរបស់ប្រជាជនខ្មែរយើង។

សម្ដេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា សហគ្រាស PPM បានបង្កើនផលិតផលចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គមយ៉ាងពិតប្រាកដ។ មូលធនមនុស្ស និងធនធានមនុស្ស គឺមានសារៈសំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ប៉ុន្ដែគួរឲ្យសោកស្ដាយជាទីបំផុត ដែលរបបប្រល័យពូជសាសន៍ បានកាប់សម្លាប់ បញ្ញវ័ន្ដស្ទើរតែទាំងអស់ និងបានបន្សល់ទុកនូវស្នាមដំបៅសម្រាប់ប្រទេសយើង រហូតមកដល់ពេលនេះ ដូច្នេះហើយធ្វើឲ្យកម្ពុជាជួបការលំបាក ក្នុងការប្រកួតប្រជែងសេដ្ឋកិច្ចនៅលើឆាកអន្ដរជាតិ។

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានអះអាងថា បើគ្មានសន្ដិភាព និងគ្មានការអភិវឌ្ឍ ហើយបើគ្មានថ្ងៃ៧មករា គឺគ្មានអ្វីៗទាំងអស់នៅពេលនេះ។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្ដិភាព បានអនុញ្ញាតឲ្យកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចដោយទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាប្រចាំឆ្នាំប្រមាណ៧ភាគរយ រយៈពេល២ទសវត្សន៍ចុងក្រោយនេះ។

លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិត ឱសថ PPM និងក្រុមហ៊ុន ខនហ្វីរេល បានឲ្យដឹងថា ឱសថគីណាល់ គឺជានិមិត្តរូប នៃការរស់ឡើងវិញនៃវិស័យឧស្សាហកម្មឱសថនៅកម្ពុជាព្រោះថា គីណាល់ គឺជាថ្នាំពេទ្យដែលផលិតនៅប្រទេសខ្មែរលើកដំបូងបង្អស់។ ការជ្រើសរើសនេះ មិនមែនជារឿងមនោសញ្ចេតនានោះទេ គឺកើតចេញពីឆន្ទៈ និងជំនឿយ៉ាងមុតមាំក្នុងការចូលរួមចំណែកកសាងប្រទេសជាតិឡើងវិញ ក្នុងនាមជាសហគ្រិនមួយរូប ព្រោះលោកមើលឃើញថា ការអភិវឌ្ឍជាតិឡើងវិញត្រូវតែមានឫសទើបមានផ្លែហើយ គីណាល់នេះហើយ គឺជាឫស និងជាអត្តសញ្ញាណ នៃវិស័យឧស្សាហកម្ម ឱសថរបស់ខ្មែរ។

បើតាមលោកឧកញ៉ា ហៃ លីអ៊ាង ក្រៅពីជាឱសថសម្រាប់ព្យាបាល គីណាល់ ដែលត្រូវបង្កើតឡើងនៅកម្ពុជាដោយជនជាតិខ្មែរមួយរូប ក៏ជានិមិត្តរូប នៃឯករាជ្យជាតិ ដែលលោក និងសហការីទាំងអស់ស្រឡាញ់ជាប់ចិត្តយ៉ាងជ្រាលជ្រៅ ហើយក៏ជាសារមួយប្រាប់ដល់រាល់គ្នាថា ឯករាជ្យជាតិ ត្រូវឆ្លងកាត់ការបង្កើតច្នៃប្រឌិត និងការស្រាវជ្រាវដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកអះអាងថា កាលពីដំបូងប្រជាពលរដ្ឋខ្មែរ មិនឲ្យតម្លៃដល់ឱសថគីណាល់ឡើយ គឺហាក់ដូចជាថ្នាំនេះជាថ្នាំថ្មី មិនដែលធ្លាប់មានវត្តមានពីមុនមកអីចឹង គឺមិនខុសពីរបស់ផ្សេងៗ ទៀតនោះទេ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ បំភ្លេចចោលក្រោយសម័យខ្មែរក្រហម។ ក្រោយមក នៅសម័យកាលដែលត្រូវស្តារ វិស័យឧស្សាហកម្មឱសថ និងធនធានមនុស្សឡើងវិញ មានមនុស្សតិចណាស់ដែលជឿថា សហគ្រាសខ្មែរ អាចផលិតថ្នាំដែលមានគុណភាព និងប្រសិទ្ធភាពបែបនេះបាន។ មិនតែប៉ុណ្ណោះ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើង បានធ្វើឲ្យសហគ្រាសផលិតឱសថ PPM មានសមត្ថភាព នាំផលិតផលឱសថរបស់ខ្លួនទៅលក់ក្នុងទីផ្សារអន្តរជាតិផងដែរ។

រហូតមកដល់ពេលនេះ ឱសថ គីណាល់ មិនត្រឹមតែទទួលបានជោគជ័យនៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេទទួលស្គាល់ នៅលើឆាកអន្តរជាតិទៀតផង។ ជាក់ស្តែង គីណាល់ គឺជាឱសថដែលលក់ដាច់ជាងគេ ក្នុងចំណោមផលិតផលនាំចេញ ជាពិសេសនៅទ្វីបអាហ្វ្រិក៕